(អាមេរិក)៖ ខណៈដែលគ្រប់គ្នា ហាក់មានក្តីសង្ឃឹមឡើងវិញបន្ទាប់ពីក្រុមហ៊ុន SpaceX ព្រមទាំងអង្គការ NASA បានអះអាងបន្តបន្ទាប់គ្នាថា នឹងបញ្ជូនមនុស្សទៅភពអង្គារឲ្យបានរៀងៗខ្លួននោះ អង្គការអវកាសអាមេរិកមួយនេះ បានបង្ហាញការប្តេជ្ញាបន្ថែមទៀតថា ទោះបីជាសារធាតុវិទ្យុសកម្មនៅភពអង្គារ គឺជាបញ្ហាធំក៏ដោយ ក៏វានឹងមិនមែនជាឧបសគ្គដែលអាចរារាំងបេសកកម្មនៅក្នុងឆ្នាំ២០៣០ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Astrobio នាល្ងាចថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។
លោក Pat Troutman អ្នកដឹកនាំការវិភាគយុទ្ធសាស្ត្រ នៃបេសកកម្មនាំមនុស្សរបស់ NASA ទៅភពអង្គារ បានលើកឡើងកាលពីពេលថ្មីៗនេះថា «មនុស្សមួយចំនួនគិតថា បញ្ហារលកវិទ្យុសកម្មនេះហើយ ដែលនឹងរារាំង NASA មិនឲ្យនាំមនុស្សទៅភពអង្គារ ប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់ពេលនេះទេ។ នៅពេលដែលយើង បំពាក់បន្ថែមបច្ចេកវិទ្យាថ្មីទៀត យើងមានសុទិដ្ឋិនិយមថា យើងនឹងនាំអវកាសយានិកនានា ទៅកាន់ភពអង្គារដោយជោគជ័យ ហើយនឹងនាំពួកគេត្រឡប់មកផែនដីវិញ ប្រកបដោយសុវត្ថិភាព»។
គួរបញ្ជាក់ថា ដោយសារទំនាញភពអង្គារខ្សោយ និងបរិយាកាសដ៏ស្តើងបំផុតនោះ ទើបធ្វើឲ្យសារធាតុវិទ្យុសកម្មដ៏មហាប្រល័យពីព្រះអាទិត្យ ត្របាញ់ចូលភពនេះយ៉ាងងាយ ដូច្នេះបើមនុស្សគ្មានខែលការពារខ្លួនប្រកបដោយប្រសិទ្ធភាពទេនោះ យើងនឹងស្លាប់ដោយសាររលកវិទ្យុសកម្មទាំងនោះជាមិនខាន នៅលើដីក្រហមភពអង្គារ។ សម្រាប់ផែនដីវិញ គឺមានបរិយាកាសក្រាស់ និងមានដែនម៉ាញេទិចដ៏ខ្លាំងក្លា ដែលអាចរុញច្រានរលកវិទ្យុសកម្មនោះ ទៅកាន់ទីអវកាសវិញយ៉ាងងាយ ទើបគ្រប់គ្នាមិនបារម្ភពីរលកវិទ្យុសកម្មអ្វីឡើយ៕