(ញូយ៉ក)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានព្រមានបណ្ដាប្រទេសទាំងអស់ ដែលមានអាសនៈនៅក្នុងអង្គការសហប្រជាជាតិ (UN) ថា បើចង់សុខខ្លួនកុំចូលរួមក្នុងសកម្មភាពយោធារបស់ សហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងព្យុងយ៉ាងឱ្យសោះ។ ការព្រមានបែបនេះ ធ្វើឡើងនៅក្នុងកំណត់សម្គាល់មួយ នៃសេចក្ដីថ្លែងការណ៍របស់អគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចាំ UN លោក គីម អ៊ីនរីយ៉ុង (Kim In Ryon) សម្រាប់កិច្ចសន្ទនាស្ដីពីអាវុធនុយក្លេអ៊ែរ រៀបចំឡើងដោយគណៈកម្មាធិការ នៃមហាសន្និបាត UN។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ លោក Kim In Ryon បានគូសបញ្ជាក់យ៉ាងដូច្នេះថា«ដារាណាគ្មានការចូលរួមក្នុងសកម្មភាពយោធា របស់សហរដ្ឋអាមេរិកប្រឆាំងនឹងកូរ៉េខាងជើង យើងគ្មានបំណងប្រើប្រាស់ ឬក៏គំរាមប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងបណ្ដាប្រទេសដទៃនោះទេ... ផ្អែកលើសមត្ថភាពមីស៊ីលផ្លោងរបស់យើងនៅពេលនេះ ទឹកដីអាមេរិកទាំងមូលគឺស្ថិតនៅជិតយើង បង្កើយ ដូច្នេះបើសិនជាទីក្រុងវ៉ាស៊ីនតោន ហ៊ានឈ្លានពានទឹកដីដ៏ពិសិដ្ឋរបស់យើង សូម្បីតែមួយអ៊ីញ នោះកុំសង្ឃឹមថា នឹងរួចផុតពីការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់យើងមិនថា នៅទីណា នោះទេនៅលើពិភពលោកមួយនេះ»។
គួរបញ្ជាក់ថា បើតាម លោក Kim In Ryon កូរ៉េខាងជើងនឹងមិនយកកម្មវិធីអាវុធនុយក្លេអ៊ែរ ដាក់លើតុចរចាជាដាច់ខាត ដរាបណាសហរដ្ឋអាមេរិកនៅតែប្រកាន់គោលនយោបាយប្រឆាំង នឹងទីក្រុងព្យុងយ៉ាង ខណៈទីក្រុងសេអ៊ូលបានព្យាករណ៍ថា របបកុម្មុយនីស្ដឯកោមួយនេះ អាចនឹងបាញ់សាកល្បងមីស៊ីលជាថ្មីម្ដងទៀត ក្នុងពេលឆាប់ៗនេះ៕