(កាប៊ុល)៖ មនុស្សយ៉ាងហោចណាស់ ២០នាក់ ត្រូវបានសម្លាប់ និង១៦០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្បែរមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប៉ូលិស មួយកន្លែងក្នុងទីក្រុង ហ្គាដែស (Gardez) នៃខេត្ត ផាកធា (Paktia) ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ជនរងគ្រោះ នៅក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅថ្ងៃអង្គារនេះ ភាគច្រើនជាប៉ូលិស និងជនស៊ីវិល។ ជាមួយគ្នានោះដែរ សមាជិកម្នាក់មកពីក្រុមប្រឹក្សា ខេត្ត Paktia លោក អាឡាម ម៉ឺ ប្រាហ៍រ៉ាម (Alam Mir Bahram) បានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធមានគ្នាប្រហែលជា ០៦នាក់ បានដឹកនាំការបំផ្ទុះគ្រាប់បែកអត្តឃាត ដោយប្រើរថយន្ដពីរគ្រឿង នៅក្បែរមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប៉ូលិស និងបង្កជាការខូចខាតធ្ងន់ធ្ងរផងដែរ។
ប៉ុន្តែទន្ទឹមគ្នាពុំទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវនៅឡើយទេ ខណៈអាជ្ញាធរកំពុងដាក់ការសង្ស័យ លើក្រុមឧទ្ទាមតាលីបង់ ដែលតែងតែដឹកនាំសកម្មភាពវាយប្រហាររបៀបនេះ ប្រឆាំងនឹងកងកម្លាំងសន្តិសុខរដ្ឋាភិបាល និងបរទេសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕