(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុករាល់ការចោទប្រកាន់ ពាក់ព័ន្ធនឹងអំពើបៀតបៀនផ្លូវភេទ ប្រឆាំងមកលើរូបលោកថាជា «ព័ត៌មានក្លែងក្លាយ» បន្ទាប់ពីក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រូវបានកោះហៅ ក្រោមក្របខណ្ឌនៃសំណុំរឿងបរិហារកេរ្តិ៍មួយ ដែលប្តឹងដោយអតីតបេក្ខនារីម្នាក់ នៅក្នុងកម្មវីធីកម្សាន្តទូរទស្សន៍ (TV Show) ដែលលោក ត្រាំ ធ្លាប់បានដឹកនាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។
ជុំវិញរឿងនេះ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោកប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយថា «អ្វីដែលខ្ញុំអាចហាថ្លែងបាននៅពេលនេះ គឺវាជាព័ត៌មានក្លែងក្លាយទាំងស្រុង។ វាគឺជារឿងភូតកុហក ដែលត្រូវបានប្រឌិតឡើង ហើយវាគឺជារឿងដ៏គួរឲ្យអាម៉ាស់ ក៏ប៉ុន្តែរឿងបែបនេះ តែងតែកើតមាននៅក្នុងពិភពនយោបាយ»។
ពាក្យបណ្តឹងដោយអ្នកស្រី សាំមឺ ហ្សែវ៉ូស (Summer Zervos) អតីតបេក្ខនារីក្នុងកម្មវិធី TV Show «The Apprentice» របស់លោក ដូណាល់ ត្រាំ បានអះអាងថាលោក ត្រាំ បានធ្វើសេចក្តីថ្លែងការណ៍កុហកបោកប្រាស និងប្រមាថមើលងាយជាច្រើន ឆ្លើយតបនឹងការចោទប្រកាន់របស់អ្នកស្រី ដែលថាលោក ត្រាំ បានព្យាយាម និងប៉ះពាល់រាងកាយលោកស្រី ដោយគ្មានការអនុញ្ញាត។
គួរបញ្ជាក់ថា សម្រាប់ដីការកោះហៅវិញ បានបង្គាប់ឲ្យក្រុមយុទ្ធនាការរបស់លោក ត្រាំ ព្រមទាំងដៃគូពាក់ព័ន្ធ ប្រគល់គ្រប់ឯកសារពាក់ព័ន្ធនឹងអ្នកស្រី Zervos ក៏ដូចជាស្រ្តីទាំងឡាយផ្សេងទៀត ដែលបានចោទប្រកាន់ថា លោក ដូណាល់ ត្រាំ បានប៉ះពាល់ខ្លួនប្រាណពួកគេ ដោយមិនសមរម្យ៕
-