(ញូយ៉ក)៖ អគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចាំ UN លោក គីម អ៊ីនរីយ៉ុង (Kim In Ryong) បាននិយាយថា កូរ៉េខាងជើងគាំទ្រទាំងស្រុង ចំពោះគំនិតលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើពិភពលោក ដរាបណាសហរដ្ឋអាមេរិក យល់ព្រមបោះចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។
ថ្លែងទៅកាន់គណៈកម្មាធិការ នៃមហាសន្និបាត UN លោក Kim In Ryong បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កូរ៉េខាងជើងគាំទ្រទាំងស្រុងចំពោះគំនិត និងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើពិភពលោកទាំងមូល ប៉ុន្តែដរាបណា សហរដ្ឋអាមេរិកនៅតែគំរាមកំហែង និងមានចេតនាអាក្រក់លើកូរ៉េខាងជើង ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬក៏ទាត់ចោលសន្ធិសញ្ញា NBT (សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ) នោះទីក្រុងព្យុងយ៉ាងមិនអាចទទួលយក ឬគោរពតាមសន្ធិសញ្ញានេះឡើយ»។
គួរបញ្ជាក់ថា បើតាមលោក Kim In Ryong ការកាន់កាប់អាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប គឺជាវិធានការការពារខ្លួនសមហេតុសមផលបំផុត ត្បិតសហរដ្ឋអាមេរិក នៅតែចិញ្ចឹមចិត្តចង់ឈ្លានពាន និងសម្លាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន៕