(គូឡាឡាំពួ)៖ ម៉ាឡេស៊ីបានឲ្យដឹងនាថ្ងៃអង្គារនេះថា ខ្លួនទទួលបានសំណើពីក្រុមហ៊ុនចំនួន ០៣ ដែលមានបំណងចង់បន្តការស្វែងរក យន្តហោះដឹកអ្នកដំណើរ MH370 នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ដំណឹងសូន្យឈឹង ចាប់តាំងតែពីឆ្នាំ២០១៤ ក៏ប៉ុន្តែការសម្រេចចិត្តលើរឿងនេះ ពុំទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters រសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីដឹកជញ្ជូនម៉ាឡេស៊ី លោក លីអូវ ទីអុង (Liow Tiong) បានថ្លែងបញ្ជាក់ថា សំណើរទាំងប៉ុន្មានខាងលើ ត្រូវទទួលបានពីក្រុមហ៊ុនរុករកក្រោមបាតសមុទ្រ Ocean Infinity ដែលមានមូលដ្ឋាននៅអាមេរិក, ក្រុមហ៊ុន Fugro របស់ហូឡង់, និងក្រុមហ៊ុនមិនបញ្ចេញអត្តសញ្ញាណមួយទៀត របស់ម៉ាឡេស៊ីផ្ទាល់។ លោក Tiong បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរដ្ឋធានីគូឡាឡាំពួថា «យើងនឹងមិនទាន់ធ្វើការសម្រេចចិត្តណាមួយឡើយ ចំពោះបញ្ហាថា តើពួកយើងនឹងបើកប្រតិបត្តិការស្វែងរកថ្មីដែរ ឬក៏អត់នោះ»។
គួររំលឹកថា យន្តហោះដឹកអ្នកដំណើរជើងហោះហើរ MH370 បានបាត់ខ្លួនកាលពី ០៣ឆ្នាំមុន នៅទីតាំងណាមួយ លើភាគខាងត្បូងមហាសមុទ្រឥណ្ឌាក្នុងអំឡុងពេលធ្វើដំណើរចេញពី ព្រលានយន្តហោះទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង របស់ប្រទេសចិន ដោយមានមនុស្សសរុបចំនួន ២៣៩នាក់ នៅលើនោះ។ ដោយឡែក ប្រតិបត្តិការរុករកក្រោមផ្ទៃទឹក ចំពោះយន្តហោះបាត់ខ្លួនដោយអាថ៌កំបាំងនេះ ត្រូវបានបិទបញ្ចប់កាលពីខែមករា ឆ្នាំ២០១៧ បន្ទាប់ពីបានចំណាយពេលជិតបីឆ្នាំ ដោយពុំទទួលបានលទ្ធផលជាដុំកំភួនអ្វីឡើយ៕