កម្តៅសកល! ក្រុមផលិតសព្វាវុធរុស្ស៊ី «ប្តេជ្ញាបង្កើនសមត្ថភាពអាវុធទាំងអស់ ដើម្បីទប់ទល់នឹងការពង្រីកអំណាចកាន់តែខ្លាំងរបស់អាមេរិក»
17-10-2017 11:32
(ម៉ូស្គូ)៖ រុស្ស៊ីកំពុងអភិវឌ្ឍន៍សមត្ថភាពអាវុធរបស់ខ្លួន ដើម្បីការពារ និងឆ្លើយតបទៅនឹងការគំរាមកំហែងពីខាងក្រៅ ក្នុងនោះរួមមានទាំងការកើនឡើង នៃការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាមេរិក ជាពិសេសនៅក្នុងតំបន់អឺរ៉ុបខាងកើត ក៏ដូចជាការបង្កើតប្រព័ន្ធវាយប្រហារសកល។ នេះបើតាមអតីតប្រធានគណៈកម្មាធិការការពារជាតិរុស្ស៊ី លោក វីកទ័រ អូហ្សេរ៉ូវ (Viktor Ozerov) ដកស្រង់ដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik លោក Viktor Ozerov បានកត់សម្គាល់យ៉ាងដូច្នេះថា «យើងកំពុងអភិវឌ្ឍន៍អាវុធរបស់យើង យើងមានប្រព័ន្ធកម្មវិធីអាវុធផ្ទាល់ខ្លួន ដែលនឹងត្រូវបាន អនុម័តមុនដំណាច់ឆ្នាំ២០១៧... ចំណែកឯ ទាក់ទិននឹងការព្យាយាម បង្កើតប្រព័ន្ធវាយប្រហារជាសកលរបស់សហរដ្ឋអាមេរិក ខ្ញុំយល់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងរំលោភលើតុល្យភាព យុទ្ធសាស្ត្រវាយលុក និងអាវុធការពារខ្លួន ហើយដែលនេះនឹងមានតែធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង លុបបំបាត់អាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ»។ តែទោះបីជាយ៉ាងនេះក្ដី ក្រុមសមាជិកសភារុស្ស៊ីមិនជឿថា សហរដ្ឋអាមេរិក នឹងប្រើប្រាស់ប្រព័ន្ធនេះ វាយប្រហារលើកូរ៉េខាងជើងនោះទេ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Viktor Ozerov កើតមានឡើងក្រោយ ក្រុមមន្ត្រីក្រសួងការពារជាតិរុស្ស៊ីនិយាយថា ចំនួនប្រព័ន្ធមីស៊ីលដែលត្រូវបានចាប់ផ្ដើមដាក់ពង្រាយដោយ សហរដ្ឋអាមេរិក អាចនឹងកើនលើស ១,០០០គ្រឿង នៅឆ្នាំ២០២២ ឬអាចកើនលើសចំនួនប្រព័ន្ធមីស៊ីលរុស្ស៊ីថែមទៀតផង៕