(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រិត្យមួយ ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង ដើម្បីអនុវត្តន៍ទៅតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។ នេះបើយោងតាមការផ្សាយដោយសារព័ត៌មាន Reuters ដែលត្រូវបានដកស្រង់ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។
សេចក្តីសម្រេចដែលមានការចាត់វិធានការជាពិសេស លើវិស័យសេដ្ឋកិច្ចនេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹង ការបាញ់សាកល្បងគ្រាប់មីស៊ីល របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងកាលពីចុងឆ្នាំ២០១៦កន្លងទៅ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីតាំងពីដើមឡើយត្រូវបានគេមើលឃើញថា មិនបានបញ្ចេញចំណាត់ការធំដុំណាមួយ ដើម្បីដាក់បន្ទុកលើកូរ៉េខាងជើងនោះឡើយ ដោយសារតែមិនចង់ឲ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តដ៏សំខាន់បំផុត នៅតំបន់អាស៊ីបូព៌ាមួយនេះ ខណៈដែលប្រទេសចិនបានបញ្ចេញទណ្ឌកម្មជាច្រើនណាស់មកហើយ ដោយសារតែរងសម្ពាធពីអាមេរិក និងអន្តរជាតិ៕