(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិកនាពេលថ្មីៗនេះ បានបាញ់ធ្វើតេស្តមីស៊ីល Standard Missile-6 (SM-6) ចេញពីនាវាពិឃាដមួយគ្រឿង ដែលមានបំពាក់ប្រព័ន្ធបាញ់ស្ទាក់មីស៊ីលផ្លោង Aegis។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងទឹកអាមេរិក កាលពីថ្ងៃទី១៥ ខែតុលា ពោលគឺប៉ុន្មានថ្ងៃមុននេះ កងនាវិករួមទាំងក្រុមជំនាញមកពីទីភ្នាក់ងារការពារមីស៊ីលអាមេរិក នៅលើនាវាពិឃាត USS McFaul បានបាញ់សាកល្បងមីស៊ីល SM-6 ដោយជោគជ័យ ប៉ុន្តែយោធាអាមេរិកមិនបានបញ្ជាក់ថា មីស៊ីលនេះបានចាប់ស្ទាក់គោលដៅណាមួយដែរ ឬក៏អត់ឡើយ។
ដោយឡែកសម្រាប់មីស៊ីល SM-6 ដែលត្រូវបានធ្វើតេស្តនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីអំឡុងខែសីហាកន្លងទៅ ចេញពីនាវាចម្បាំង USS John Paul Jones វិញនោះ បានកម្ចាត់ការគំរាមកំហែងមីស៊ីលផ្លោងដោយជោគជ័យ។ គួរបញ្ជាក់ថា SM-6 គឺជាប្រភេទមីស៊ីលតែមួយគត់លើលោក ដែលមានសមត្ថភាពប្រឆាំងនឹងគោលដៅ ទាំងនៅលើអាកាសផង, នៅលើគោកផង, និងចាប់ស្ទាប់មីស៊ីលផ្លោងផង។
នាឱកាសនោះ ក្រៅពីការធ្វើតេស្តបាញ់មីស៊ីលនេះ សម្ព័ន្ធមិត្តអង្គការ NATO ក៏បានរួមគ្នាធ្វើសមយុទ្ធការពារខ្លួន ដែលមានឈ្មោះថា «Formidable Shield» ផងដែរ ដែលមានការចូលរួមពីកងទ័ពច្រើនជាង ៣,៣០០នាក់ មកពីប៊ែលហ្សិក អាល្លឺម៉ង់ អ៊ីតាលី បារាំង ដាណាម៉ាក, កាណាដា, ហូឡង់, អេស៉្បាញ, និងចក្រភពអង់គ្លេស ព្រមទាំងវត្តមាននាវាចម្បាំងចំនួន ១៤គ្រឿង នៅភាគខាងលិចប្រទេសស្កុតឡែន៕