(បាកដាដ)៖ កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ បានចូលទៅដល់កណ្ដាលទីក្រុង ឃើគួក (Kirkouk) ហើយ បន្ទាប់ពីបានវាយដណ្ដើមយកតំបន់ប្រេងពីរទីតាំង រួមទាំងមូលដ្ឋានទ័ពអាកាសមួយផងដែរ ពីកងកម្លាំងឃើដ។ មុនបើកប្រតិបត្តិការយោធា ទីក្រុងបាកដាដបានដាក់ឱសានវាទដល់កងកម្លាំងឃើដ ឱ្យដកចេញពីតំបន់ជម្លោះនៃទីក្រុងមួយនេះ និងលុបចោលលទ្ធផលបោះឆ្នោតប្រជាមតិ តែឃើដបានទាត់ចោលសំណើទាំងនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។
យោងតាមក្រុមមន្ត្រីឃើដ ប្រជាជនរាប់ពាន់នាក់ បានភៀសខ្លួនចេញពីទីក្រុង Kirkuk មុននឹងកងកម្លាំងអ៊ីរ៉ាក់ចូលមកដល់។ មិនតែប៉ុណ្ណោះពួកគេបានចាត់ទុកថា ប្រតិបត្តិការយោធារបស់ទីក្រុងបាកដាដ គឺជាការសងសឹកទៅនឹងសិទ្ធិនៃប្រជាជនឃើដអ៊ីរ៉ាក់ ដែលបានបោះឆ្នោតប្រកាសឯករាជ្យផ្ដាច់ខ្លួនពីអ៊ីរ៉ាក់ និងជាការប្រកាសសង្រ្គាម ហើយថា ឃើដនឹងឱ្យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ តបស្នងមកវិញនូវតម្លៃមួយយ៉ាងសាកសម។
ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក ហេដឺ អាល់ អាបាឌី (Haider al-Abadi) កាលពីថ្ងៃចន្ទបានអះអាងថា ប្រតិបត្តិការក្នុងទីក្រុង Kirkuk គឺជារឿង ចាំបាចត្រូវតែធ្វើដើម្បីការពារឯកភាពជាតិ ដែលកំពុងរងការបំផ្លាញដោយសារ ការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យរបស់ឃើដ កាលពីថ្ងៃទី២៥ ខែកញ្ញា។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីឃើដ ក្រុមអ្នកប្រយុទ្ធឃើដ ១០នាក់ បានស្លាប់ និង ២៧នាក់រងរបួស នៅក្នុងការប៉ះទង្គិចដោយអាវុធទាំងយប់ជាមួយកងកម្លាំងរដ្ឋាភិបាលទីក្រុងបាកដាត។ ចំណែកឯ ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ក៏បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដោយគូសញ្ជាក់យ៉ាងដូច្នេះថា «ក្រុមចំរុះអន្តរជាតិស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ បញ្ជៀសរាល់ សកម្មភាពទាំងឡាយណានាំទៅរកការប៉ះទង្គិចដោយអាវុធ... ហើយយើងនៅតែបន្តជម្រុញ និងលើកកម្ពស់កិច្ចសន្ទនារវាងអាជ្ញាធរអ៊ីរ៉ាក់ និងឃើដក៏ដូចជាចូលរួមប្រយុទ្ធរួមគ្នាប្រឆាំងនឹង សត្រូវរួមរបស់យើង គឺក្រុម ISIS»៕