(លីសបោន)៖ ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃជាច្រើនទីតាំងខុសៗគ្នា នៅក្នុងប្រទេសព័រទុយហ្គាល់ បានកើនដល់៣៦នាក់ហើយ ហើយតាមអាជ្ញាធរតួលេខនេះ ត្រូវគេរំពឹងថានឹងកើនឡើងថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។
បើតាមអាជ្ញាធរព័រទុយហ្គាល់ អគ្គិភ័យភ្លើងឆេះព្រៃប្រមាណ៥២៣ករណីបានរីករាលដាលឡើង ចាប់តាំងពីថ្ងៃអាទិត្យកន្លងទៅ នៅក្នុងប្រទេសអឺរ៉ុបមួយនេះ ដោយករណីភាគច្រើននិងអាក្រក់ៗជាងគេនោះ បានកើតឡើងនៅភាគខាងជើង និងភាគកណ្តាលប្រទេស។ មនុស្សទាំង៣៦នាក់បានបាត់បង់ជីវិត ស្ថិតក្នុងនៅស្រុក Coimbra, Aveiro, Castelo Brano, និង Viseu។ ក្រៅពីនេះមនុស្ស០៧នាក់ បាននិងកំពុងបាត់ខ្លួន ស្របពេលដែល៥៦នាក់បានរងរបួស ដោយក្នុងនោះ១៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។
គួររំលឹកថា អគ្គីភ័យភ្លើងឆេះព្រៃដ៏ប្រល័យកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ក្នុងតំបន់នៃក្រុង Pedrogao grande ដែលស្ថិតនៅប្រមាណ ១៥០គីឡូម៉ែត្រ ភាគឦសានរដ្ឋធានីលីសបោន បានផ្តាច់ជីវិតមនុស្ស ៦៤នាក់ និងធ្វើឲ្យរបួសច្រើនជាង ២៥០នាក់៕