(ហាណូយ)៖ អាជ្ញាធរវៀតណាមបាននិយាយថា ពួកគេបានសម្រេចចិត្តជ្រើសយកថ្ងៃទី១០ ខែធ្នូ ជាថ្ងៃប្រារព្ធទិវាកាហ្វេ (Vietnam Coffee Day) ហើយដែលទិវានេះនឹងត្រូវប្រព្រឹត្តទៅជាលើកដំបូងពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូខាងមុខនេះ នៅឯទីក្រុង ដាឡាត់ (Da Lat) នៃខេត្ត ឡាំដុង (Lam Dong)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។
ព្រឹត្តិការណ៍ដែលមានរយៈពេលបីថ្ងៃនេះ នឹងដំណើរការទៅដោយបញ្ចូលទាំង ពិធីសម្ពោធហាងកាហ្វេមួយ នៅជុំវិញបឹង Xuan Huong ដែលនឹងមានដាក់តាំងផលិតផលកាហ្វេជាច្រើន ក្នុង គោលបំណងបង្ហាញពីការរីកចំរើន នៃឧស្សាហកម្មវៀតណាម និងការប្រើប្រាស់បច្ចេកវិទ្យាផលិតកាហ្វេចុងក្រោយបំផុត នៅក្នុងខេត្ត Lam Dong។ ខេត្ត Lam Dong ស្ថិតនៅតំបន់ ភាគកណ្ដាលប្រទេសវៀតណាម មានផ្ទៃដីដាំកាហេ្វ ៤៥០,០០០ហិចតា ឬស្មើនឹង ៩០ភាគរយ នៃផ្ទៃដីដាំកាហ្វេសរុបទូទាំងប្រទេស។
គួរបញ្ជាក់ថា បើតាមក្រសួងកសិកម្មវៀតណាម ទីក្រុងហាណូយបាននាំចេញកាហ្វេ ១.១លានតោន ឬ ២.៥ពាន់លានដុល្លារ គិតត្រឹមរយៈពេល ០៩ខែ ដំបូងក្នុងឆ្នាំ២០១៧នេះ ហើយអាត្រានេះធ្លាក់ចុះអស់ ២០.៥ភាគរយ បើគិតជាបរិមាណ ប៉ុន្តែកើនឡើង ១.៣ភាគរយ បើគិតជាតម្លៃ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦៕