(ការ៉ាកាស់)៖ គណបក្សប្រឆាំងវេណេស៊ុយអេឡា បានបដិសេធមិនទទួលស្គាល់ លទ្ធផលបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋនានា កាលពីថ្ងៃអាទិត្យ ដែលបង្ហាញថា គណបក្សកាន់អំណាចបាន ទទួលសំឡេងគាំទ្រភាគច្រើនបំផុត ខណៈមានការរំពឹងថា ភាពវឹកវរផ្នែកនយោបាយ អាចនឹងផ្ទុះឡើងជាថ្មីម្ដងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។
លោក ជឺរ៉ាដូ ប្លីដ (Gerardo Blyde) ប្រធានយុទ្ធនាការឃោសនាបោះឆ្នោត នៃគណបក្សឯកភាពប្រជាធិបតេយ្យ (MUD) បានស្នើឱ្យមានការពិនិត្យឡើងវិញទាំងស្រុង នូវការប្រកួតប្រជែងរបស់បេក្ខជន ជាអភិបាលរដ្ឋ ២៣រូប ក៏ដូចជាអំពាវនាវឱ្យបេក្ខជនរបស់ខ្លួននាំគ្នាចេញតាមផ្លូវតវ៉ា ប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅថ្ងៃចន្ទនេះ។ «យើងមិនទទួលស្គាល់ឡើយ នូវលទ្ធផលបោះឆ្នោតនៅពេលនេះ... យើងកំពុងប្រឈមមុខនឹងពេលវេលា ដ៏លំបាកបំផុតសម្រាប់ប្រទេសរបស់យើង»។ នេះបើតាមលោក Gerardo Blyde។
តែទោះជាបែបនេះក្ដី ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា រដ្ឋាភិបាលលោកទទួលបានជ័យជម្នះយ៉ាងធំធេង ដោយទុកឱ្យគណបក្សប្រឆាំងគ្រប់គ្រងតែ ០៥រដ្ឋ តែប៉ុណ្ណោះ ជាមួយការដណ្ដើមតំណែងជាអភិបាលរដ្ឋបានចំនួន ២០ ស្របពេលគណបក្សរបស់លោក កំពុងស្វះសែ្វងដណ្ដើមរដ្ឋមួយទៀត ជាទីដែលលទ្ធផលនៅតែបន្តស្ថិតនៅក្នុង ភាពចម្រូងចម្រាស់មកទល់នឹងព្រឹកថ្ងៃចន្ទនេះ៕