(បាសេឡូណា)៖ បើតាមលិខិតមួយផ្ញើទៅកាន់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត មេដឹកនាំកាតាឡាន លោក ខាឡែស ភីកដឺម៉ុន (Carles Puigdemont) មិនបានផ្តល់ចម្លើយជាក់លាក់ថា តើតំបន់ Catalonia បានប្រកាសឯករាជ្យភាពដែរ ឬក៏អត់នោះឡើយ ក៏ប៉ុន្តែបានបង្ហាញចេតនា ចង់ជួបចរចាជាមួយមេដឹកនាំអេស៉្បាញទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។
លិខិតខាងលើ ដែលត្រូវបានផ្ញើនៅពេល ០២ម៉ោង មុនវេលាកំណត់ដែលដាក់ចេញពីទីក្រុងម៉ាឌ្រីតនោះ បានបញ្ជាក់សាជាថ្មីម្តងទៀត អំពីសំណើចង់ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីអេស៉្បាញ លោក ម៉ារីយ៉ាណូ រ៉ាហ្សយ (Mariano Rajoy) ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ដើម្បីជជែកអំពីស្ថានការណ៍នៅក្នុងតំបន់ Catalonia ហើយថែមទាំងបានលើកឡើងថា កិច្ចចរចាគួរតែធ្វើឡើងនៅក្នុងពេល ០២ខែខាងមុខ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលអេស្ប៉ាញបានទុកពេលមួយអាទិត្យ ដើម្បីឲ្យមេដឹកនាំកាតាឡានបញ្ជាក់ឲ្យបានច្បាស់ អំពីជំហរលើឯករាជ្យនៃតំបន់ស្វយ័តនេះ។ ដោយឡែក នៅក្នុងករណីដែល លោក Puigdemont បានសម្រេចប្រកាសឯករាជ្យនាថ្ងៃចន្ទនេះវិញនោះ លោកនឹងត្រូវទុកពេលឲ្យ ០៣ថ្ងៃ ទៀតក្នុងការពិចារណាក៏ដូចជាកែតម្រូវ ការសម្រេចចិត្តនេះឡើងវិញ ហើយបើនៅតែចចេសទៀតនោះ លោក Rajoy បានបញ្ជាក់ធ្ងន់ៗថា រូបលោកត្រៀមលក្ខណៈជាស្រេច ដើម្បីប្រើប្រាស់មាត្រា ១៥៥នៃ រដ្ឋធម្មនុញ្ញអេស៉្បាញ ដែលនឹងអនុញ្ញាតឲ្យលោកទម្លាក់រដ្ឋបាលតំបន់ស្វយ័តនេះចោល ហើយអំពាវឲ្យមានការបោះឆ្នោតជាថ្មី៕