(មូស្គូ)៖ កូរ៉េខាងជើងកំពុងស្វែងរក «ការរស់នៅប្រកបដោយសន្តិភាព» ប៉ុន្តែទនឹ្ទមគ្នាប្រទេសមួយនេះ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីកម្ទេចគ្រប់សត្រូវទាំងអស់ ដែលចង់រារាំងខ្លួនមិនឱ្យយើងទៅដល់គោលដៅមួយនេះដែរ។ នេះគឺជាការលើកឡើងរបស់អនុប្រធានសភាកូរ៉េខាងជើង ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។
អនុប្រធានសភាកូរ៉េខាងជើង លោក អាន ដុងជន (An Dong-chun) ថ្លែងបែបនេះ នាឱកាសបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ី ចូលរួមកិច្ចប្រជុំសហភាពអន្តរសភា (UIP) ដែលប្រព្រឹត្តទៅពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា នៅឯទីក្រុង សេនត៍ ភីធើស្បឺក (Saint-Petersbourg)។ ជាមួយគ្នានោះដែរ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងលទ្ធភាពនៃកិច្ចចរចាដោយផ្ទាល់រវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង អនុប្រធានសភារូបនេះបានកត់សម្គាល់ដូច្នេះថា «ប្រទេសរបស់យើងប្រាថ្នាចង់បាន អនាគតប្រកបដោយសន្តិភាព ហើយដើម្បីទទួលបានសន្តិភាព យើងបានត្រៀមខ្លួនរួចជាស្រេចកម្ទេចគ្រប់សត្រូវទាំងអស់ ដែលរារាំងផ្លូវរបស់យើងឆ្ពោះទៅកាន់អនាគតមួយនេះ»។
គួរបញ្ជាក់ថា លោក An Dong-chun បានបដិសេធមិនឆ្លើយរាល់សំណួររបស់អ្នកសារព័ត៌មាន ទាក់ទិននឹងនយោបាយ។ ម្យ៉ាងវិញទៀត បើទោះជាលោកមិនបានបញ្ជាក់ថា សត្រូវមួយណា ឬផ្លូវសន្តិភាពនោះជាអ្វីឱ្យប្រាកដក៏ដោយ តែគេដឹងថា លោកទំនងជាចង់សំដៅលើសហរដ្ឋអាមេរិក និងអាវុធនុយក្លេអ៊ែរ ដែលលោក គីម ជុនអ៊ុន ធ្លាប់អះអាងថា ជាវិធានការការពារសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់៕
http://defence-blog.com/wp-content/uploads/2017/05/C_1GGGSWAAAy_IB.jpg