(សេអ៊ូល)៖ កងកម្លាំងម៉ារីនកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាដែនសមុទ្រ ដែលឈ្មោះថា Maritime Counter Special Operations Exercise (MCSOFEX) នៅឯឈូងសមុទ្រនៃតំបន់ឧបទ្វីបកូរ៉េ ចំពេលកំពុងមានភាពតាងតឹងស្រាប់ជាមួយកូរ៉េខាងជើង និងក្រោយពីទីក្រុងព្យុងយ៉ាងបានព្រមានជាថ្មីថា នឹងប្រើមីស៊ីលបាញ់កម្ទេចកោះ ហ្គាំ (Guam) របស់អាមេរិក ប្រសិនបើកូរ៉េខាងត្បូង-ជប៉ុន-អាមេរិក មិនព្រមបញ្ឈប់សមយុទ្ធយោធាទេនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។
យោងតាមយោធាកូរ៉េខាងត្បូង សមយុទ្ធយោធាសមុទ្រនេះ នឹងបន្តរហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ នៅឯសមុទ្រខាងកើត និងសមុទ្រលឿង ដោយមានការចូលរួមពីនាវាផ្ទុកយន្ដហោះចម្បាំង អាមេរិក USS Ronald Reagan នាវាពិឃាតពីរគ្រឿង USS Stethem (DDG-63) និង USS Mustin (DDG-89) ហើយកាន់តែពិសេសជាងនេះទៅទៀត គឺសមយុទ្ធយោធានេះ ក៏មានការចូលរួមពីកងកម្លាំងពិសេសអាមេរិក ដែលទទួលបន្ទុកដឹកនាំបេសកកម្ម «កាត់ក្បាល» មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផងដែរ។
បន្ថែមពីលើនេះ យន្ដហោះចម្បាំង F-15K, FA-18 និង A-10 រួមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធ AH-64E Apache, Lynx និង AW-159 Wild Cat សុទ្ធតែនឹងមានវត្តមាន នៅក្នុងលំហាត់សឹកកំញើញទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន កូរ៉េខាងជើងបានព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតប ចំពោះសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ហើយអ្នកជំនាញខ្លះរំពឹងថា ទីក្រុងព្យុងយ៉ាងអាចបាញ់មីស៊ីលផ្លោង ជាថ្មីម្ដងទៀតក្នុងឆាប់ៗនេះ៕