(ម៉ានីល)៖ ប្រមុខការពារជាតិហ្វីលីពីននាថ្ងៃចន្ទនេះបានប្រកាសថា មេដឹកនាំកំពូល ០២រូប របស់ក្រុមឧទ្ទាមបណ្តាញ ISIS ដែលបានវាយដណ្តើមកាន់កាប់យកទីក្រុងម៉ារ៉ាវី (Marawi) នៅភាគខាងត្បូងប្រទេស កាលពីប៉ុន្មានខែមុននោះបានបាត់បង់ជីវិតហើយ ក្នុងប៉ះទង្គិចគ្នាដ៏ក្តៅគគុកមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនលោក ឌែលហ្វីន ឡូរែនហ្សាណា (Delfin Lorenzana) បានឲ្យដឹងថា ជនឈ្មោះ អ៊ីសនីឡូន ហាភីឡូន (Isnilon Hapilon) ដែលជាមេក្លោងធំរបស់ក្រុមសកម្មប្រយុទ្ធ ISIS ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍នោះ រួមជាមួយនិងមេដឹកនាំកំពូលម្នាក់ទៀតឈ្មោះ អូម៉ាខាយ៉ាម ម៉ូតេ (Omarkhayam Maute) ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដ៏កក្រើកមួយ ដោយសាកសពរបស់ជនទាំងពីរនាក់នេះ ត្រូវបានគេរកឃើញនាថ្ងៃចន្ទនេះ នៅក្នុងទីក្រុង Marawi។
គួរបញ្ជាក់ថា បុគ្គល Hapilon ស្ថិតក្នុងចំណោមជនសង្ស័យជាភេរវករ នៅក្នុងបញ្ជីរបស់ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក FBI ជាមួយនិងតម្លៃខ្លួន ០៥លានដុល្លារ ខណៈបុគ្គល Omarkhayam Maute គឺជាបងប្អូនប្រុសរបស់ជនឈ្មោះ ម៉ាដឌី ម៉ូតេ (Maddi Maute) ដែលត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិតដូចគ្នានៅក្នុងការផ្ទុះអាវុធនេះ។ យោធាហ្វីលីពីនបានឲ្យដឹងថា ជន Hapilon និងបងប្អូនត្រកូល Maute គឺជាអ្នករៀបចំគម្រោងវាយលុកចូលក្រុង Marawi កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ដែលបានអូសបន្លាយអស់រយៈពេលជិត ០៥ខែ មកហើយនិងធ្វើឲ្យមនុស្សស្លាប់រាប់រយនាក់៕