(វ៉ាស៊ីនតោន)៖ ស្ថាបនិក និងជាម្ចាស់ទស្សនាវដ្ដីអាសអាភាសអាមេរិក ដ៏ល្បីល្បាញមួយឈ្មោះ ហាសត្លឺ (Hustler) លោក ឡារី ហ្វ្លីន (Larry Flint) បាននិយាយថា លោកនឹងផ្ដល់ប្រាក់រង្វាន់ ១០លានដុល្លារដល់ នរណាក៏ដោយឱ្យតែមានព័ត៌មាន នាំទៅរកការទម្លាក់ លោក ដូណាល់ ត្រាំ ពីតំណែងជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Washington Post នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅលើអត្ថបទចុះផ្សាយដោយ Washington Post កាលពីថ្ងៃអាទិត្យ លោក Larry Flint បានលើកឡើងដូច្នេះថា «ខ្ញុំមិនរំពឹងឡើយថា មិត្តភក្តិជិតស្និទ្ធរបស់មហាសេដ្ឋី ដូណាល់ ត្រាំ នឹងទម្លាយរឿងរបស់លោក ក៏ប៉ុន្តែខ្ញុំជឿជាក់ថា មានមនុស្សជាច្រើនដែលដឹងថា លុយ ១០លានដុល្លារ គឺជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់... ហើយដោយសារតែវិបត្តិបច្ចុប្បន្ន ខ្ញុំនឹងផ្ដល់ប្រាក់ ១០លានដុល្លារ សម្រាប់ព័ត៌មានទាំងឡាយណា ដែលអាចទម្លាក់ ឬឱ្យ ដូណាល់ ត្រាំចូលវិនិវត្តន៍ពីសេតវិមាន»។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលម្ចាស់ទស្សនាវដ្ដីអាសអាភាសរូបនេះ ប្រកាសផ្ដល់ប្រាក់រង្វាន់សម្រាប់ព័ត៌មាន ដែលអាចទម្លាក់អ្នកនយោបាយពីតំណែង។ ពោលគឺ កាលពីឆ្នាំ២០០៧ លោកក៏ធ្លាប់បានប្រកាសជូនប្រាក់ ១លានដុល្លារផងដែរ ដល់អ្នកអាចផ្ដល់ព័ត៌មាន ឬរៀបរាប់ពីរឿងផ្លូវភេទរបស់សមាជិកសភាផងដែរ៕