(វ៉ាស៊ីនតោន)៖ អតីតប្រធានយុទ្ធសាស្ត្រនយោបាយ នៃសេតវិមានអាមេរិក លោក ស្ទេវ បេនណុន (Steve Bannon) បានព្យាករណ៍ថា លោក ដូណាល់ ត្រាំ នឹងជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកសាជាថ្មីនៅឆ្នាំ២០២០ ជាមួយសំឡេងគាំទ្រភ្លូកទឹកភ្លូកដីពីអង្គប្រតិភូបោះឆ្នោត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik ដែលត្រូវបានដកស្រង់នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។
យោងតាម លោក Steve Bannon លោក ដូណាល់ ត្រាំ នឹងឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ខាងមុខ ដោយនឹងទទួលបានការគាំទ្រ ៤០០សំឡេង នៃអង្គប្រតិភូសរុប ៥៣៨។ «លោក ដូណាល់ ត្រាំនឹងឈ្នះឆ្នោតជាមួយការគាំទ្រ ៤០០សំឡេង នៃអង្គប្រតិភូនៅឆ្នាំ២០២០... ជាងនេះទៅទៀត លោក ត្រាំ អាចនឹងសម្រេចចិត្តដាក់ក្រុម Muslim Brotherhood នៅអេហ្ស៊ីបក្នុងបញ្ជីអង្គការភេរវករ ក៏ដូចជាផ្លាស់ស្ថានទូតអាមេរិកក្នុងប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹម ក្នុងពេលឆាប់ៗនេះ»។ នេះបើតាមការ លើកឡើងរបស់ លោក Bannon បញ្ជាក់ដោយស្ថានីយ៍ទូរទស្សន៍អាមេរិក ABC News។
ដោយឡែកទន្ទឹមគ្នា ការស្ទង់មតិជាច្រើនក៏បានបង្ហាញដែរថា ប្រជាប្រិយភាពរបស់ លោក ត្រាំ បានធ្លាក់ចុះជាបន្តបន្ទាប់ នៅក្នុងចំណោមប្រជាជនអាមេរិកមួយចំនួនធំដែលយល់ថា លោកមិនសមធ្វើជាប្រធានាធិបតីអាមេរិក។ តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញយល់ថា តាមរយៈការអនុវត្តតាមពាក្យសន្យារបស់ខ្លួន ក្នុងនោះរួមមានទាំង ការតម្កល់ទុកផលប្រយោជន៍អាមេរិកមុនគេ ឬក៏ការបង្កើតការងារជូនប្រជាជនអាមេរិក អាចនឹងជួយឱ្យលោក ដូណាល់ ត្រាំ ទាញយកប្រជាប្រិយភាពឡើងវិញ ពីប្រជាជនអាមេរិក។
គួររំលឹកថា កាលពីការបោះឆ្នោតប្រធានាធិបតីអាមេរិក ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ បានផ្ដួលលោកស្រី ហ៊ីលឡារី គ្លីនតុន ជាមួយសំឡេងគាំទ្រ ៣០៤ ទល់នឹង ២២៧សំឡេង ពីអង្គប្រតិភូតំណាងរាស្ត្រ ហើយបានក្លាយជាប្រធានាធិបតីអាមេរិកទី៤៥ បន្តពីលោក បារ៉ាក់ អូបាម៉ា៕
ñ