ព័រទុយហ្គាល់៖ «មហន្តរាយភ្លើងឆេះព្រៃ៤៤៣ទីតាំង ផ្តាច់ជីវិតមនុស្ស០៣នាក់ និងបង្ករបួស២៥នាក់» ជាថ្ងៃដ៏អាក្រក់បំផុត ប្រចាំឆ្នាំ២០១៧!
16-10-2017 10:07
(លីសបោន)៖ មនុស្ស ០៣នាក់បានស្លាប់ និងយ៉ាងតិច ២៥នាក់បានរងរបួស បន្ទាប់ពីថ្ងៃអាទិត្យកន្លងទៅនេះ បានក្លាយថ្ងៃដ៏អាក្រក់បំផុតមួយប្រចាំឆ្នាំសម្រាប់ព័រទុយហ្គាល់ ដែលបានជួបប្រទះមហន្តរាយភ្លើងឆេះព្រៃជាង ៤០០ករណី នៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។
ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត ០២ករណី បានកើតឡើងនៅក្នុងក្រុង ផេណាកូវ៉ា (Penacova) ស្រុក កីអ៊ីមប្រា (Coimbra) ភាគខាងជើងព័រទុយហ្គាល់ និងមួយករណីទៀតបានកើតមាននៅក្នុងក្រុង ស៊ឺតា (Serta) ស្រុក កាស្ទេគូ ប្រានកូ (Castelo) Branco ភាគខាងជើងប្រទេសដូចគ្នា។ ដោយឡែកសម្រាប់អ្នកដែលបានទទួលរងរបួសវិញ ភាគច្រើនត្រូវគេរាយការណ៍ថា គឺជាភ្នាក់ងារពន្លត់អគ្គិភ័យ។
អ្នកនាំពាក្យអាជ្ញាធរគាំពារជនស៊ីវិលជាតិព័រទុយហ្គាល់ លោកស្រី ផាទ្រីស្យ៉ា ហ្គាស្ប៉ារ (Patricia Gaspar) បានប្រកាសថា ថ្ងៃអាទិត្យម្សិលមិញនេះ គឺជាថ្ងៃដ៏អាក្រក់បំផុតប្រឆាំឆ្នាំ២០១៧ សម្រាប់គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅក្នុងប្រទេស ដែលមានចំនួន ៤៤៣ករណី បានកើតឡើងនៅទូទាំងប្រទេស។
គួររំលឹកថា អគ្គីភ័យភ្លើងឆេះព្រៃដ៏ប្រល័យកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ក្នុងតំបន់នៃក្រុង Pedrogao grande ដែលស្ថិតនៅប្រមាណ ១៥០គីឡូម៉ែត្រ ភាគឦសានរដ្ឋធានីលីសបោន បានផ្តាច់ជីវិតមនុស្ស ៦៤នាក់ និងធ្វើឲ្យរបួសច្រើនជាង ២៥០នាក់៕