(ស៊ីដនី)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់អាកាសចរណ៍ AirAsia ដែលមានគោលដៅមកពីទីក្រុង Perth នៃរដ្ឋភាគខាងលិចអូស្រ្តាលី ឆ្ពោះទៅកាន់កោះបាលី (Bali) នៃប្រទេសឥណ្ឌូណេស៊ី ត្រូវបានបង្ខំឲ្យធ្វើការចុះចតជាបន្ទាន់ បន្ទាប់ពីវាបានបាត់បង់សម្ពាធយ៉ាងកម្រោល ក្រោយពីទើបហោះហើរបានប្រមាណ ២៥នាទី ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។
យ៉ាងណាមិញមនុស្សទាំង ១៥១នាក់ នៅលើយន្តហោះ បានវិលត្រឡប់មកកាន់អាកាសយានដ្ឋានទីក្រុង Perth វិញដោយសុវត្ថិភាព និងពុំមាននរណាម្នាក់រងរបួសឡើយ។ ក្រោយមកដល់លើដីវិញ អ្នកដំណើរមួយចំនួន ដែលស្ថិតនៅលើជើងហោះហើរ QZ535 នេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគេគិតថាពួកគេពិតជាមិនរស់ឡើយ នៅពេលដែលយន្តហោះបានធ្លាក់ចុះពីកម្ពស់ ៩,៧៥០ម៉ែត្រ មក ៣,០០០ម៉ែត្រយ៉ាងកំហុក។
ជុំវិញរឿងនេះក្រុមហ៊ុនអាកាសចរណ៍ AirAsia ប្រចាំឥណ្ឌូណេស៊ីបានចេញសេចក្តីថ្លែងការណ៍ សុំទោសចំពោះរឿងដែលមិនគួរឲ្យកើតមានឡើយនេះ និងបានអះអាងថា វាគឺជាបញ្ហាបច្ចេកទេស ហើយសុវត្ថិភាពរបស់អ្នកដំណើរ គឺជាអាទិភាពចម្បងបំផុតសម្រាប់ក្រុមហ៊ុន។
គួររំលឹកថា កាលពីជាងមួយសប្តាហ៍មុន យន្តហោះដឹកអ្នកដំណើរមួយគ្រឿងផ្សេងទៀតរបស់អាកាសចរណ៍ AirAsia ត្រូវបានបង្ខំឲ្យធ្វើការចុះចតយ៉ាងតក់ក្រហល់នៅក្នុងទីក្រុង Perth ដូចគ្នា ក្រោយពីមានបញ្ហាផ្នែកម៉ាស៊ីនយន្តហោះ បន្ទាប់ពីហោះហើរបាន ៩០នាទី ឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួរបស់ម៉ាឡេស៊ី ខណៈកាលពីខែកក្កដាកន្លងទៅវិញនោះ ដោយសារតែបុកនឹងហ្វូងសត្វបក្សី យន្តហោះមួយគ្រឿងទៀតរបស់ AirAsia ត្រូវបានបង្ខំឲ្យវិលត្រឡប់ទៅកាន់ព្រលានយន្តហោះក្រុង Brisbane នៃរដ្ឋ Queensland ប្រទេសអូស្រ្តាលីផងដែរ៕