(បរទេស)៖ ទោះបីជាការធ្វើតេស្តនុយក្លេអ៊ែរ នៃរដ្ឋកាហ្សាក់ស្ថាន (អតីតស្ថិតនៅក្នុងសហភាពសូវៀត) បានកន្លងផុតទៅរយៈពេលជាង ៣០ឆ្នាំទៅហើយក្តី ប៉ុន្តែសុបិនអាក្រក់ នៃសោកនាដកម្ម ដែលបានកើតចេញពីការធ្វេសប្រហែសនេះ នៅតែដិតដាមជាមួយជនរងគ្រោះ ដែលបន្តរស់នៅក្រោមទុក្ខវេទនា ជាមួយនឹងរូបរាងកាយរងការបំផ្លិចបំផ្លាញ មកទល់នឹងបច្ចុប្បន្ន។ នេះបើតាមការផ្សាយរបស់ National Geographic ដែលត្រូវបានដកស្រង់ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។
ស្នាមដំបៅដិតដាម និងការបំផ្លិចបំផ្លាញ កំពុងស្ថិតនៅលើជ្រុងមួយនៃតំបន់ Kazakh Steppe ដ៏ដាច់ស្រយាល ខណៈដែលបឹងនៅទីនោះ មិនមែនជាបឹងធម្មជាតិទៀតនោះទេ ព្រោះតែការបំផ្ទុះគ្រាប់នុយក្លេអ៊ែរសាកល្បង បានធ្វើលើឲ្យទីនោះត្រូវបោះបង់ចោល រួមជាមួយនឹងកម្ទេចផ្ទាំងថ្មបែកបាក់ ដែលបង្ហាញពីអតីតនៃតំបន់ ដែលត្រូវបានគេយកទៅ ធ្វើតេស្តអាវុធប្រល័យលោក ប៉ុន្តែបែរជាបង្កឲ្យមនុស្សជាច្រើន និងធម្មជាតិនៅតំបន់រងភាពខ្ទេចខ្ទាំ ដោយសារតែកម្លាំងដ៏មហិមានៃការផ្ទុះ និងសារធាតុវិទ្យុសកម្មបន្សល់ទុករាប់ទសវត្សរ៍ទៅវិញ។
លោក Berik Syzdykov វ័យ ៣៨ឆ្នាំ កំពុងរស់នៅជាមួយម្តាយរបស់លោក នៅក្នុងតំបន់ Semey នៃប្រទេសកាហ្សាក់ស្ថាន (ភាគខាងត្បូងរុស្ស៊ី)។ Berik ត្រូវបានម្តាយរបស់លោកអះអាងថា បានទទួលរងផលប៉ះពាល់តាំងតែពីស្ថិតនៅក្នុងផ្ទៃមកម្ល៉េះ ព្រោះតែឥទ្ធិពលនៃរលកវិទ្យុសកម្ម ដែលបានជះចេញពីការបំផ្ទុះនុយក្លេអ៊ែរ ធ្វើឡើងដោយសហភាពសូវៀត នៅក្នុងតំបន់ធ្វើតេស្តដែលមានឈ្មោះថា Semipalatinsk ក្នុងប្រទេសកាហ្សាក់ស្ថាន។ ការពិត Berik មិនអាចមើលឃើញអ្វីឡើយ ហើយលោកតែងតែទទួលការវះកាត់ជារឿយៗ ដើម្បីកាត់បន្ថយសាច់ដុះនៅលើផ្ទៃមុខ។
សម្រាប់ទីកន្លែងធ្វើយកធ្វើតែស្តនោះ មានឈ្មោះថា Polygon ត្រូវបានគេដឹងថា ធ្លាប់ជាវាលធ្វើតេស្តនុយក្លេអ៊ែររហូតដល់ទៅ ១ ភាគ ៣ នៃការធ្វើតេស្តនុយក្លេអ៊ែរទូទាំងសកលលោក ហើយតំបន់នេះ ត្រូវបានគេចាត់ទុកថា ជាតំបន់គ្មានការគ្រប់គ្រងនោះឡើយ ប៉ុន្តែវានៅតែមានប្រជាជនមួយចំនួន ប្រកបរបរកសិកម្ម ស្ថិតនៅមិនឆ្ងាយពីទីនោះប៉ុន្មានទេ។ ទោះបីជាប្រជាជនជាច្រើន ត្រូវបានរុញច្រានចេញពីទីតាំងជុំវិញតំបន់ខាងលើនេះ នៅអំឡុងពេលមានការធ្វើតេស្តនុយក្លេអ៊ែរដ៏ខ្លាំងក្លានៃសហភាពសូវៀតនោះក៏ដោយ ប៉ុន្តែប្រជាជនមួយចំនួនធំគឺបាននៅទ្រាំបន្តរស់នៅដដែល។ ផលប៉ះពាល់នៅតែអូសបន្លាយ រហូតមកទល់នឹងបច្ចុប្បន្ន ជាពិសេសគឺទៅលើស្ត្រីមានផ្ទៃពោះនោះឯង។
គួរបញ្ជាក់ថា អត្ថបទនេះគឺចង់បង្ហាញអំពីសោកនាដកម្មនៃអាវុធប្រល័យលោក មិនថាតែនុយក្លេអ៊ែរ ឬអាវុធគីមីនោះទេ វាសុទ្ធសឹងតែបានបង្កផលប៉ះពាល់ដ៏យូរអង្វែង ដោយសារតែសារធាតុពុល និងវិទ្យុសកម្ម ដែលនៅបន្តសម្ងំនៅតំបន់រងគ្រោះរហូតរាប់ទសវត្សរ៍ ឬសតវត្សរ៍ ហើយអ្នកដែលរងគ្រោះខ្លាំងបំផុតនោះ គឺប្រជាជនទន់ខ្សោយ និងស្ត្រីមានផ្ទៃពោះ ដែលកូនក្មេងៗកើតមក នឹងទទួលរងនូវការបាត់បង់អវៈយវៈ ដូចក្នុងការរូបភាពដែលត្រូវបានថតដោយអ្នករាយការណ៍ព័ត៌មានអន្តរជាតិទាំងអស់នេះ៕