(សូម៉ាលី)៖ យោងតាមសារព័ត៌មានបរទេសធំៗ ចុះផ្សាយមុននេះបន្តិចនាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ ពីសំណាក់រថយន្តដឹកទំនិញ បំផ្ទុះ​គ្រាប់បែកមួយគ្រឿង នៅក្នុងរដ្ឋធានី របស់ប្រទេសសូម៉ាលី បានកើនឡើងដល់២៣១នាក់ និងរបួស២៧៥នាក់។

អាជ្ញាធរសូម៉ាលី បានឲ្យដឹងថា អ្នកស្លាប់២៣១នាក់ និងមានមនុស្ស២៧៥នាក់ទៀតបានទទួលរងរបួស នៅក្នុងការវាយប្រហារនេះ។ នេះបើតាមអ្វីដែលលោកបានទទួលការបញ្ជាក់ពីវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ ដែលលោកបានទៅទស្សនកិច្ចក្នុងរដ្ឋធានី Mogadishu។

ការវាយប្រហារនៅថ្ងៃសៅរ៍នេះ គឺជាការវាយប្រហារសម្លាប់មនុស្សច្រើនជាងគេបំផុតតែមួយគត់ មិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិកមួយនេះ។​

​ប្រធានាធិបតី Mohamed Abdullahi Farmaajo បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ និងអំពាវនាវឲ្យប្រជាពលរដ្ឋ ជួយបរិច្ចាកឈាម ជួយសង្រ្គោះជនរងគ្រោះ។

រដ្ឋាភិបាលសូម៉ាលី បានស្តីបន្ទោសចំពោះក្រុមភេរវកម្ម Al-Shabab ថា បានធ្វើការវាយប្រហារនេះ ខណៈក្រុមភេរវកម្មមួយនេះមិនទាន់មានការបកស្រាយនៅឡើយនោះទេ៕​