(អាប៊ីដចាន់)៖ យន្តហោះដឹកទំនិញមួយគ្រឿងសម្រាប់កងយោធាបារាំង បានធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្ររបស់ប្រទេសកូតឌីវ័រ នៃតំបន់អាហ្វ្រិក ខណៈដែលវាបានព្យាយាមហោះហើរចេញពីអាកាសយានដ្ឋាន នៃរដ្ឋធានី អាប៊ីដចាន់ (Abidjan) ក្នុងអំឡុងពេលដែលមានព្យុះភ្លៀងខ្លាំង។ នេះបើតាមការចេញផ្សាយព័ត៌មាន នៅមុននេះបន្តិចដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។
សេចក្តីរាយការណ៍ព័ត៌មានទាន់ហេតុការណ៍ បានឲ្យដឹងទៀតថា សាកសពមនុស្សពីរនាក់ហើយត្រូវបានទាញចេញពីបំណែកយន្តហោះ ខណៈពីរនាក់ទៀត ត្រូវបានក្រុមសង្គ្រោះនៃអាជ្ញាធរទីក្រុង Abidjan បានអះអាងថា កំពុងជាប់ខ្លួននៅក្នុងតួយន្តហោះនៅឡើយ ប៉ុន្តៃគេពុំទាន់អាចបញ្ជាក់អត្តសញ្ញាណជនរងគ្រោះបានឡើយ។ យន្តហោះខាងលើនេះ ត្រូវបានគេអះអាងថា បានព្យាយាមហោះឡើង នៅពេលមេឃកំពុងមានព្យុះភ្លៀង និងផ្គររន្ទះថែមទៀត។
សាក្សីនៅកន្លែងកើតហេតុ បានប្រាប់បណ្តាញព័ត៌មាន Reuters ថា «យន្តហោះយោធាប្រភេទ ដឹកទំនិញមានម៉ាស៊ីនបួនខាងលើនេះ បានធ្លាក់ទៅក្នុងសមុទ្រនៅពេលហោះចេញពីអាកាសយានដ្ឋាន Port Bouet នៃរដ្ឋធានី Abidjan របស់ កូតឌីវ័រ ជាប់ហ្នឹងឆ្នេរសមុទ្រស្ថិតនៅតំបន់អាហ្វ្រិកខាងលិច ហើយក្រោយពីបានធ្លាក់ បំណែកនានារបស់វា បានអណ្តែតមកទើលើឆ្នេរសមុទ្រ នៃទីក្រុងនេះទៀតផង»។
បន្ថែមពីនេះទៀត យន្តហោះខាងលើនេះ គឺប្រភេទ turboprop Antonov អាចផលិតនៅរុស្ស៊ី ឬក៏អ៊ុយក្រែន ខណៈគ្រោះថ្នាក់នេះ ក៏មានអ្នកនៅលើយន្តហោះមួយចំនួន នៅរស់រានមានជីវិតផងដែរ ប៉ុន្តែមិនមានការបញ្ជាក់ចំនួននោះទេ៕