(អាមេរិក)៖ ឥឡូវនេះទីភ្នាក់ងារអវកាស NASA បាននិយាយថា ភស្តុតាងកាន់តែមានច្រើនឡើង សម្រាប់បញ្ជាក់ពីវត្តមាននៃភពដ៏អាថ៌កំបាំងមួយមានមានឈ្មោះថា ភពទី០៩ (Planet Nine) ឬ ភពអ៊ិច (Planet X) ដែលទំនងជាកំពុងស្ថិតនៅជាយដ៏ខ្មៅងងឹង នៃប្រព័ន្ធព្រះអាទិត្យរបស់យើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។
វត្តមាននៃភពដ៏អាថ៌កំបាំងខាងលើ បានក្លាយជាប្រធានបទ នៃការជជែកដេញដោលគ្នាយ៉ាងក្តៅគគុក អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតទាល់តែអ្នកតារាវិទូអាមេរិក ០២នាក់ គឺលោក Konstantin Batygin និង Michael Brown បានចាប់ផ្តើមដំណើរបេសកកម្មរបស់ពួកគេ ដើម្បីបញ្ជាក់ថា ភពនេះគឺមិនមានវត្តមាននោះឡើយ។ តែផ្ទុយទៅវិញ ពួកគេទាំងពីររូប បែរជាបានរកឃើញភស្តុតាង ដែលបង្ហាញថា Planet Nine ពិតជាមានវត្តមានមែន ហើយចាប់តាំងពីពេលនោះមក ភស្តុតាងជាច្រើនផ្សេងទៀត បានក៏លេចឡើងជាបន្តបន្ទាប់។
អង្គការ NASA បានលើកឡើងថា អ្វីដែលនៅសេសសល់នោះ គឺការស្វែងរកភពដ៏អាថ៌កំបាំងនេះផ្ទាល់ ខណៈលោក Batygin និង លោក Brown កំពុងតែប្រើប្រាស់កែវយឺត Subaru នៅឯមន្ទីរឃ្លាំមើលអវកាស Mauna Kea ក្នុងរដ្ឋហាវ៉ៃ ដើម្បីព្យាយាមធ្វើយ៉ាងដូច្នោះ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុន NASA ក៏បានចេញសេចក្តីអំពាវនាវ ឲ្យក្រុមអ្នកចូលចិត្តផ្នែកតារាសាស្រ្តទាំងអស់ ចូលរួមក្នុងការស្វែងរក Planet Nine ឬ Planet X នេះ តាមរយៈការពិនិត្យទៅលើកម្រងរូបភាព ដែលថតពីកែវយឺតអវកាស WISE របស់ទីភ្នាក់ងារ NASA៕