(កាលីហ្វរញ៉ា)៖ អភិបាលរដ្ឋកាលីហ្វរញ៉ា លោក ជឺរី ប្រោន (Jerry Brown) បានសម្រេចចិត្តចេញសេចក្តីប្រកាសអាសន្ន នៅក្នុងរដ្ឋភាគនិរតីសហរដ្ឋអាមេរិកមួយនេះ ក៏ព្រោះតែការផ្ទុះឡើង និងរីករាលដាល នៃជំងឺរលាកថ្លើមប្រភេទ A ដែលបានឆក់យកជីវិតមនុស្ស ១៨នាក់ ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។
ការប្រកាសអាសន្នខាងលើនេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែកនៅក្នុងរដ្ឋនេះ ធ្វើការផ្តល់វ៉ាក់សាំង ប្រយុទ្ធប្រឆាំងជំងឺរលាកថ្លើមប្រភេទ A ទៅកាន់ប្រជាជន ដែលកំពុងតែប្រឈមមុខនឹងគ្រោះអាសន្ន ហើយវានឹងឈានទៅដល់ការទប់ស្កាត់ ការរីករាលដាលទាំងស្រុងផងដែរ។ បច្ចុប្បន្ននាយកដ្ឋានសុខាភិបាលសាធារណៈ របស់រដ្ឋកាលីហ្វរញ៉ា (CDPH) កំពុងបញ្ជាទិញវ៉ាក់សាំងបន្ថែម យកទៅប្រយុទ្ធប្រឆាំងជំងឺរលាកថ្លើមប្រភេទ A ដោយផ្ទាល់តែម្តង និងបញ្ជូនទៅសង្គ្រោះប្រជាជន នៅតំបន់កំពុងទទួលរងគ្រោះខ្លាំងបំផុត។
វេជ្ជបណ្ឌិត ការែន ស្មីត (Karen Smith) ដែលកំពុងគ្រប់គ្រងបញ្ហានេះ បានឲ្យដឹងថា «ការចាក់វ៉ាក់សាំង ទៅដល់ប្រជាជនដែលកំពុងប្រឈមមុខនឹងរោគរាតត្បាតនេះ គឺជាចំណាត់ការដ៏មានប្រសិទ្ធភាពមុខគេ ដែលយើងត្រូវតែធ្វើ ដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺរលាកថ្លើមប្រភេទ A នេះបន្ថែមទៀត»។ យោងតាមការបញ្ជាក់របស់ CDPH វ៉ាក់សាំងចំនួនជិត ៨០,០០០ ដូស (doses) ត្រូវបានផ្តល់ទៅកាន់តំបន់រងគ្រោះនានាហើយ ជាពិសេសនៅតំបន់ភាគខាងត្បូងរដ្ឋ ដែលជំងឺនេះភាគច្រើនកើតមានចំពោះបណ្តាជនគ្មានផ្ទះសម្បែង ឬជនអាណាថានោះតែម្តង៕