(វ៉ាស៊ីនតោន)៖ អតីតប្រធានសេតវិមានរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក រ៉ាយអ៊ែន ភ្រីប៊ើស (Reince Priebus) ត្រូវបានសាកសួរ ដោយរដ្ឋអាជ្ញាពិសេស ដែលបាននិងកំពុងតែស៊ើបអង្កេតទៅលើសំណុំរឿងថា តើក្រុមយុទ្ធនាការរបស់លោក ត្រាំ បានរួមដៃពាក់ព័ន្ធជាមួយនិងរដ្ឋាភិបាលរុស្ស៊ី ដែរឬក៏អត់ កាលពីអំឡុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។
មេធាវីរបស់អតីតប្រធានខុទ្ទកាល័យសេតវិមានរូបនេះ បានឲ្យដឹងថា «លោក Priebus ត្រូវបានក្រុមការងាររបស់រដ្ឋអាជ្ញាពិសេសលោក រ៉ូបឺត មូលើ (Robert Mueller) សម្ភាសន៍ដោយស័្មគ្រចិត្ត ហើយលោក Priebus បានឆ្លើយសំណួរទាំងអស់ ដោយការពេញចិត្ត ឥតមានបង្ខិតបង្ខំឡើយ»។ ម៉្យាងវិញទៀត ក្រុមរដ្ឋអាជ្ញាពិសេសនេះ កំពុងតែធ្វើបទសម្ភាសន៍ជាមួយមន្រ្តីសេតវិមាន និងក្នុងជួររដ្ឋាភិបាលមួយចំនួនទៀតផងដែរ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេត ទៅលើទំនាក់ទំនងក្នុងទម្រង់ណាមួយ ដែលអាចបានកើតមានឡើង រវាងក្រុមយុទ្ធនាការបោះឆ្នោតរបស់ លោក ត្រាំ និងរដ្ឋាភិបាលទីក្រុងម៉ូស្គូ។
ការស៊ើបអង្កេតរបស់លោក Mueller ក៏រួមបញ្ចូលទាំងការស៊ើបទៅលើថា តើលោក ត្រាំ អាចមានទោសតាមរយៈការព្យាយាមបញ្ចុះបញ្ចូល អតីតនាយកទីភ្នាក់ងារ FBI លោក ជែម ខូមី (James Comey) ឲ្យបោះបង់ចោលការស៊ើបអង្កេតលើ លោក មៃឃើល ហ្វ្លីន (Michael Flynn) ដែលជាទីប្រឹក្សាសន្តិសុខជាតិដំបូងគេរបស់ លោក ត្រាំ។
គួរបញ្ជាក់ថា លោក Priebus ដែលជាប្រធានគណៈកម្មាធិការជាតិនៃបក្សសាធារណរដ្ឋ អំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានសេតវិមាន នៅពេលដែលលោក ត្រាំ បានស្បថឡើងកាន់តំណែងនៅខែមករា ឆ្នាំ២០១៧ ហើយកាលពីខែកក្កដាកន្លងទៅ លោក Reince Priebus ក៏បានសម្រេចលាលែងពីមុខតំណែងវិញ៕