(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី ដែលជាអ្នកស្វះស្វែងក្នុងការបង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងប្រទេសអ៊ីរ៉ង់នោះ បានចេញមុខព្រមានថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងតែបង្កើតនូវវិបត្តិអន្តរជាតិមួយ ជាមួយនឹងការសម្រេចចិត្តដ៏គ្រោះថ្នាក់ តាមរយៈការចង់លុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញ AFP នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។
លោក ចន ឃើរី ដែលជាអតីតមន្ត្រីជំនិត លោក បារ៉ាក់ អូបាម៉ា រូបនេះបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «វាជារឿងដែលបង្កគ្រោះថ្នាក់ ដល់ផលប្រយោជន៍សន្តិសុខជាតិអាមេរិក និងសម្ព័ន្ធមិត្តនានារបស់អាមេរិកផងដែរ»។ ទោះបីជាបែបនេះក្តី លោក ដូណាល់ ត្រាំ ដែលកំពុងបង្ហាញចេតនា ចង់លុបចោលកិច្ចព្រមព្រៀងខាងលើនេះបានរិះគន់ថា កិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥នោះ គឺជាខាតបង់មួយសម្រាប់អាមេរិក ខណៈដែលអ៊ីរ៉ង់បានលួចរំលោភកិច្ចព្រមព្រៀងនោះរួចទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងសមាជិកបក្សសាធាណរដ្ឋរបស់លោក ដូណាល់ ត្រាំ ផ្ទាល់ជាពិសេសគឺព្រឹទ្ធសមាជិកតែម្តង ធ្លាប់បានបង្ហាញការជំទាស់ ដោយហៅជំហានប្រធានាធិបតីរូបនេះថា «កំពុងដើរទៅរកផ្លូវគ្រោះថ្នាក់» ខណៈបច្ចុប្បន្នកូរ៉េខាងជើងក៏ជាបញ្ហាធំបំផុត ហើយបើបូកថែមអ៊ីរ៉ង់មួយទៀតនោះ សន្តិសុខក្នុងតំបន់ទាំងពីរ គឺអាស៊ីបូព៌ា និងមជ្ឈិមបូព៌ា នឹងក្លាយជារឿងឈឺក្បាលខ្លាំងបន្ថែមទៀត ដល់អាមេរិក។ ជុំវិញបញ្ហានេះ លោក ចន ឃើរី បានអំពាវនាវឲ្យសមាជិកសភាទាំងអស់ ងើបឈរឡើងឲ្យបានព្រមគ្នា ដើម្បីជំទាស់នឹងចេតនារបស់ លោក ដូណាល់ ត្រាំ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៕