(យូអិន)៖ អតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ជម្រុញឲ្យមានការបញ្ជូនជនជាតិដើមរ៉ូហ៊ីងយ៉ា ពីបង់ក្លាដែស ត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។
លោក អាណាន់ ដែលបានដឹកនាំគណកម្មការប្រឹក្សាយោបល់ របស់ UN នោះបាននិយាយថា មហាអំណាចពិភពលោក ត្រូវតែធ្វើការងារជាមួយនឹងយោធាដឹកនាំប្រទេសមីយ៉ាន់ម៉ា និងមេដឹកនាំស៊ីវិលមួយចំនួនទៀត ដើម្បីបញ្ចប់វិបត្តិដ៏អាក្រក់នេះ។ ទោះបីជាបែបនេះក្តី គ្រប់គ្នាបានដឹងហើយថា ប្រទេសចិនដែលជាតួអង្គសំខាន់នៅ UN គឺជាអ្នកគាំទ្រជានិច្ចចំពោះយោធាមីយ៉ាន់ម៉ា ហើយសម្រាប់រុស្ស៊ីវិញ ក៏ធ្លាប់បានបដិសេធក្នុងការពាក់ព័ន្ធនឹងរឿងជនភៀសខ្លួនរ៉ូហ៊ីងយ៉ានោះផងដែរ។
គួរបញ្ជាក់ថា ការថ្លែងសារប្រកបដោយក្តីព្រួយបារម្ភពីសំណាក់ លោក កូហ្វី អាណាន់ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ចុងក្រោយថា ចំនួនជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ា ដែលរត់ចេញពីរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងនៃប្រទេសមីយ៉ាន់ ទៅកាន់ប្រទេសបង់ក្លាដែសនោះ បានកើនដល់ ៥៣៦,០០០នាក់។
បើតាមអ្នកនាំពាក្យ UN លោក ហ្វាហាន ហេព Farhan Hap បណ្តាទីភ្នាក់ងារ មនុស្សធម៌ UN បាន រាយការណ៍ថា មកទល់ពេលនេះចំនួនជនភៀសខ្លួន ដែលបានចាកចេញពីមីយ៉ាន់ម៉ា ចូលទៅក្នុងទឹកដីបង់ក្លាដែស គិតចាប់តាំងតែពីចុងខែសីហាមកនោះ បានកើនឡើងដល់ ៥៣៦,០០០នាក់ ដោយក្នុងអំឡុង ០២ថ្ងៃ ចុងក្រោយនេះជនជាតិរ៉ូហ៊ីងយ៉ាងប្រមាណ ១៤,០០០នាក់ បានធ្វើការឆ្លងព្រំដែនថែមទៀត។
ជាមួយគ្នានេះ លោក Hap ក៏បានបញ្ជាក់ដែរថា អនុរដ្ឋលេខាធិការ UN ទទួលបន្ទុកកិច្ចការនយោបាយ លោក ចេហ្វហ្វ្រេយ ហ្វែកមែន (Jeffrey Feltman) ក៏នឹងធ្វើដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទីសុក្រសប្តាហ៍នេះ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ផងដែរ ដើម្បីពិភាក្សាជាមួយក្រុមមន្រ្តីមីយ៉ាន់ម៉ា។ បើតាមអ្នកនាំពាក្យ UN ការបំពេញទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការអំពាវនាវយ៉ាងទទូច ដោយអគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូទែរ៉ែស (Antonio Guterres) ឲ្យមានការបញ្ចប់ប្រតិបត្តិការយោធា ក៏ដូចជាអំពើហិង្សានៅរដ្ឋ Rakhine ភាគខាងជើង៕