(ម៉ិចស៊ីកូស៊ីធី)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងនៅមុននេះបន្តិចថា គ្រោះរញ្ជួយដីមួយកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍ នៃប្រទេសម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា បើតាម USGS ហេតុការណ៍រញ្ជួយផែនដីខាងលើ មានចំណុចរំញ័រនៅប៉ុន្មាន ០៩គីឡូម៉ែត្រពីភាគខាងក្រុង សាន់ ឌីអូនីស៊ីយ៉ូ ឌែល ម៉ា (San Dionisio del Mar) ដែលស្ថិតនៅភាគអាគ្នេយ៍ម៉ិចស៊ីកូ ហើយវាមានជម្រៅប្រមាណ ៥៩.៥២គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រ។ ទន្ទឹមនឹងនេះ គេពុំទាន់ទទួលបានសេចក្តីរាយការណ៍ ស្តីពីមនុស្សរងគ្រោះ ឬការបំផ្លិចបំផ្លាញ ក៏ដូចជារលកយក្សស៊ូណាមិ ដែលអាចបង្កឡើងនៅឡើយទេ៕