(ព្យុងយ៉ាង)៖ កូរ៉េខាងជើងជាថ្មីម្ដងទៀតបានព្រមានថា ខ្លួននឹងដឹកនាំការវាយប្រហារដោយផ្លោងគ្រាប់មីស៊ីលទៅលើដែនដីអាមេរិក គឺកោះហ្គាំ (Guam) ឆ្លើយតបនឹងទីក្រុងវ៉ាស៊ីនតោន ដែលនៅតែរឹងទទឹងធ្វើ សមយុទ្ធយោធាតាមផ្លូវអាកាស នៅលើតំបន់ឧទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Daily Mail នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។
ការគំរាមជាថ្មីរបស់ទីក្រុងព្យុងយ៉ាង កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងទ័ពអាកាសអាមេរិក បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-1B ពីរគ្រឿងពីកោះ Guam ឱ្យទៅចូលរួមធ្វើសមយុទ្ធយោធា ជាមួយកូរ៉េខាងត្បូង និងជប៉ុន ដើម្បីកំញើញទីក្រុងព្យុងយ៉ាង ទាំងយប់កាលពីថ្ងៃអង្គារ។ ប៉ុន្តែជាទម្លាប់ចាស់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីក្រុងព្យុងយ៉ាងបានព្រមាន យ៉ាងដូច្នេះថា «សមយុទ្ធយោធារួមគ្នា ដឹកនាំដោយសហរដ្ឋអាមេរិក ជាមួយទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល បានជំរុញការបេ្ដជ្ញាចិត្ត និងមានតែធ្វើឱ្យកូរ៉េខាងជើងយល់កាន់តែច្បាស់ថា សហរដ្ឋអាមេរិកគួរ តែត្រូវ «ផ្សំាង» ដោយភ្លើង... ជាងនេះទៅទៀត វាក៏លើកទឹកចិត្តផងដែរ ឱ្យយោធារបស់យើងកាន់តែខិតជិត ការចុចប៊ូតុងបាញ់មីស៊ីល ជាវិធានការឆ្លើយតប»។
គួររំលឹកថា កាលពីខែសីហា កូរ៉េខាងជើងធ្លាប់បានព្រមានបាញ់មីស៊ីលឆ្ពោះទៅកោះ Guam ម្ដងរួចមកហើយ តែគំរោងនេះត្រូវបានលុបចោលទៅវិញ។ ប៉ុន្តែនៅពេលនេះ ទីក្រុងព្យុងយ៉ាង បានលើកឡើងពីគំរោងនេះជាថ្មី ក្រោយសង្រ្គាមពាក្យសម្ដីរបស់ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ចាប់ក្រើកឡើងវិញ ដោយម្ខាងបង្កើនការធ្វើសមយុទ្ធយោធា រីឯម្ខាងទៀត បង្កើនការគំរាមកំហែងប្រើប្រាស់កម្លាំងយោធា៕