(វ៉ាស៊ីនតោន)៖ ការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកខ្លួនសហរដ្ឋអាមេរិក ចេញពីអង្គការ UNESCO គឺជាសញ្ញាថ្មីចុងក្រោយបំផុតមួយ ដែលបង្ហាញពីការកើនឡើង នៃភាពឃ្លាតដាច់ឆ្ងាយដោយឡែកពីគេរបស់អាមេរិក ព្រមទាំងដាក់សម្ពាធគាបសង្កត់របស់ទីក្រុងវ៉ាស៊ីនតោន មកលើអង្គការសហប្រជាតិ។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកវិភាគ ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។
ក្រុមអ្នកវិភាគមកពីសាកលវិទ្យាល័យធំៗ នៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ការធ្វើបែបនេះនឹងគូសបញ្ជាក់កាន់តែច្បាស់ ពីភាពឯកោរបស់សហរដ្ឋអាមេរិក នៅក្នុងអង្គការពិភពលោកមួយនេះ ដោយវានឹងជះឥទ្ធិពលអវិជ្ជមាន ទៅលើទីក្រុងវ៉ាស៊ីនតោនផ្ទាល់ ច្រើនជាងមកលើអង្គការបេតិកភណ្ឌពិភពលោក UNESCO ខណៈការសម្រេចចិត្តដ៏ចំឡែកនេះ នឹងបង្កើនភាពឯកោរបស់សហរដ្ឋអាមេរិក នៅក្នុងសហគមន៍អន្តរជាតិ។
ម៉្យាងវិញទៀត ការសម្រេចចិត្តខាងលើ នឹងធ្វើឲ្យអាមេរិកជាប់គាំងកាន់តែខ្លាំង នៅក្នុងរង្វង់នៃភាពឯកោក៏ដូចជាមន្ទិលសង្ស័យ ពាក់ព័ន្ធនឹងការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ ហើយវានឹងបង្កផលវិបាកជាខ្លាំង ដើម្បីផ្លាស់ប្តូរការសម្រេចចិត្តនេះវិញ សម្រាប់រដ្ឋបាលក្រោយថ្មីទៀត។
បើតាមក្រុមសាស្រ្តចារ្យជំនាញៗដដែល ការសម្រេចចិត្តរបស់ លោក ត្រាំ ក្នុងការដកអាមេរិកចេញពីអង្គការ UNESCO គឺស្ថិតក្រោមក្របខណ្ឌនៃយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើយ៉ាងណាមិនឲ្យអង្គការសហប្រជាជាតិ រួមទាំងអង្គការពាក់ព័ន្ធផ្សេងៗទៀត មានឥទ្ធិពលក្នុងការជួយប៉ាឡេស្ទីន ប្រឆាំងនឹងអ៊ីស្រាអែល។
គួរបញ្ជាក់ថា ម្សិលមិញនេះសហរដ្ឋអាមេរិកបានប្រកាសថា នឹងដកខ្លួនចេញពីអង្គការ UNESCO នៅចុងឆ្នាំ២០១៨ខាងមុខ ដោយឈរលើហេតុផលថា អង្គការបេតិកភណ្ឌពិភពលោកត្រូវការធ្វើកំណែទម្រង់ឡើងវិញ ហើយ UNESCO មានទំនោរប្រឆាំងនឹងអ៊ីស្រាអែល។ យ៉ាងណាមិញនេះ មិនមែនជាលើកទីមួយ ឡើយដែលទីក្រុងវ៉ាស៊ីនតោន បានដើរចេញពីអង្គការអន្តរជាតិនេះ ដោយកាលពីឆ្នាំ១៩៨៤ ប្រធានាធិបតី លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ក៏ធ្លាប់បានដកអាមេរិក ចេញពី UNESCO ដែរតែ១៨ឆ្នាំក្រោយមកប្រធានាធិបតី លោក ចច ដាបើប៊ែលយូ ប៊ូស (George W. Bush) ព្រមទាំងរដ្ឋមន្រ្តីការបរទេសរបស់លោក គឺលោក ខូលីន ផូវែល (Colin Powell) បាននាំសហរដ្ឋអាមេរិក ត្រឡប់ចូលអង្គការ UNESCO វិញនៅឆ្នាំ២០០២៕