(ប៉ារីស)៖ សកម្មជនការពារបរិសា្ថនមួយក្រុម ឬហៅថា Greenpeace បាននាំគ្នាបាញ់កាំជ្រួចនៅក្បែរបរិវេណ រោងចក្រផលិតថាមពលនុយក្លេអ៊ែរ (NPP) ស្ថិតនៅខាងកើតប្រទេសបារាំង ដើម្បីបង្កើនការយកចិត្តទុកដាក់ថា រោងចក្រនុយក្លេអ៊ែរនេះ អាចនឹងក្លាយជាគោលដៅ នៃការវាយប្រហាររបស់ពួកភេរវករ។ ទន្ទឹមគ្នានេះ អ្នកជំនាញបារាំងដូចជា លោក ស្ទេហ្វិន លុមម៉េ (Stephane Lhomme) ចាត់ទុកថា នេះគ្រាន់តែជាសកម្មភាពទាក់ទាញការចាប់អារម្មណ៍ពីរដ្ឋាភិបាល និងប្រជាជនបារាំងតែប៉ុណ្ណោះ ប៉ុន្តែលោកទទួលស្គាល់ថា ការគំរាមកំហែងរបស់ពួកភេរវករ នៅតែស្ថិតក្នុងស្ថានភាពគួរឱ្យយកចិត្តទុកដាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik លោក Stephane Lhomme បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិត ការធ្វើបែបនេះគឺជារឿងដ៏ល្អមួយ ក្នុងការបង្ហាញពីក្ដីព្រួយបារម្ភខ្លាចក្រែងថា មជ្ឈមណ្ឌលនុយក្លេអ៊ែរ មិនមានសុវត្ថិភាព... ប៉ុន្តែយ៉ាងណា វាមិនអាចផ្លាស់ប្ដូរគោលជំហររដ្ឋាភិបាលបារាំង ឬក៏ជំរុញឱ្យពួកគេ បោះបង់ចោលថាមពលនុយក្លេអ៊ែរឡើយ។ ពោលគឺក្នុងន័យ នេះប្រជាជនបារាំងធម្មតា មិនអាចយល់ពីដំណើរការសន្តិសុខនុយក្លេអ៊ែរនោះទេ។»
គួរបញ្ជាក់ថា បានបើតាមរបាយការណ៍ច្រើននៅក្នុងស្រុក មជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែរបារាំង អាចនឹងក្លាយជាគោលដៅ នៃការវាយប្រហារភេរវកម្មពីសំណាក់ក្រុមអាល់កៃដា ឬក៏ក្រុម ISIS ហើយបើសិនជាវាកើតឡើងមែន នោះប្រជាជនបារាំង និងប្រជាជនអឺរ៉ុបក្បែរខាង អាចនឹងប្រឈមមុខនឹងផលប៉ះពាល់ធ្ងន់ធ្ងរ ខណៈបច្ចុប្បន្នបារាំងមានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៥៨៕