(ហាណូយ)៖ យ៉ាងតិចមនុស្សកើនដល់ ៥៤នាក់ហើយបានស្លាប់ និង ៣៩នាក់ទៀតបាត់ខ្លួន ខណៈគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់ បាននិងកំពុងវាយប្រហារភាគខាងជើង និងភាគកណ្តាលប្រទេសវៀតណាម ជាច្រើនថ្ងៃជាប់ៗគ្នានាសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។
បើតាមរដ្ឋមន្រ្តីកសិកម្មវៀតណាម លោក ង្វៀន ហ្សួនខង (Nguyen Xuan Cuong) ទឹកជំនន់ ដែលបានវាយលុកវៀតណាមនៅសប្តាហ៍នេះ គិតចាប់តាំងតែពីថ្ងៃចន្ទមកនោះ គឺអាក្រក់បំផុតក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិវៀតណាម បានរាយការណ៍ឲ្យដឹងថា ម្សិលមិញនេះ មនុស្សសរុប ១៩នាក់ មកពីគ្រួសារចំនួន០៤ ក្នុងខេត្ត ហាវ ប៊ីញ (Hoa Binh) ជាខេត្តមានចំនួនអ្នកបាត់បង់ជីវិតច្រើនជាងគេបំផុតនោះ ដោយត្រូវបានដីបាក់សង្កត់ទាំងរស់ ដោយក្នុងចំណោមនោះ មានតែសាកសពមនុស្ស ០៩នាក់ ប៉ុណ្ណោះ ដែលត្រូវបានរកឃើញ។
ក្រៅពីនេះផ្ទះសម្បែងប្រមាណ ៣១៧ខ្នង ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ដោយសារទឹកជំនន់ និងគ្រោះរអិលបាក់ដីនាសប្តាហ៍នេះ ខណៈជាង ៣៤,០០០ខ្នងទៀត បានជន់លិច និងរងការខូចខាត។ ម៉្យាងវិញទៀត ផ្ទៃស្រែទំហំលើសពី ២២,០០០ហិកតា ក៏បានរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ស្របពេលដែលសត្វចិញ្ចឹម និងសត្វពាហនៈប្រហែល ១៨០,០០០ក្បាល ត្រូវបានសម្លាប់ ឬក៏ត្រូវទឹកហូរកួចនាំយកទៅបាត់។
គួរបញ្ជាក់ថា វៀតណាម គឺជាប្រទេសដែលងាយនឹងទទួលរងគ្រោះ ដោយខ្យល់ព្យុះសាហាវៗ ក៏ដូចជាគ្រោះទឹកជំនន់អាក្រក់ៗណាស់ ក៏ព្រោះតែសណ្ឋានដី នៃបណ្តោយឆ្នេរសមុទ្រដ៏វែងរបស់ប្រទេសនេះ ជាប់នឹងដែនសមុទ្រចិនខាងត្បូង រហូតមហាសាគរប៉ាស៊ីហ្វិក។ តួយ៉ាងព្យុះទីហ្វុងកំណាចមួយ ទើបតែបានវាយលុក ព្រមទាំងបំផ្លិចបំផ្លាញបណ្តាខេត្តភាគកណ្តាល នៃប្រជាជាតិអាស៊ានមួយនេះ កាលពីខែមុនប៉ុណ្ណោះ៕