(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ត្រូវគេរាយការណ៍ថា ធ្លាប់បានទទួលសំណូក ជាទឹកប្រាក់យ៉ាងហោចណាស់ចំនួន ៣៥លានដុល្លារ ពីក្រុមហ៊ុនសំណង់ដ៏ធំមួយរបស់ប្រេស៊ីល កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់លោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។
អតីតអគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា ដែលត្រូវបានគេបណ្តេញចេញពីតំណែង លោកស្រី ល្វីសា អ័រទេហ្គា (Luisa Ortega) បានបញ្ចេញឃ្លីបមួយ ដែលបានបង្ហាញពីលោក អឺហ្សេណាន់ដូ អាហ្សេវេដូ (Euzenando Prazeres de Azevedo) នាយកក្រុមហ៊ុនប្រេស៊ីល អូដេប្រេចត៍ (Odebrecht) ដែលពោពេញដោយរឿងអាស្រូវនោះ ធ្វើការអះអាងថា លោកធ្លាប់បានចំណាយលុយក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីសូកប៉ាន់ប្រធានាធិបតីវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ។
នៅក្នុងវីដេអូខាងលើ លោក Azevedo កំពុងតែជជែកជាមួយក្រុមរដ្ឋអាជ្ញានៃប្រេស៊ីល កាលពីខែធ្នូ ឆ្នាំ២០១៦ ដោយលោកហាក់ដូចជាបានសារភាពថា ឈ្មួញកណ្តាលរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ បានស្នើសុំទឹកប្រាក់ឧបត្ថម្ភក្នុងចំនួនយ៉ាងច្រើន ពីក្រុមហ៊ុនប្រេស៊ីល សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសប្រធានាធិបតីវេណេស៊ុយអេឡា កាលពីឆ្នាំ២០១៣ របស់លោក ម៉ាឌូរ៉ូ។
ក្នុងអំឡុងនៃការផ្តល់សក្ខីកម្មនេះ លោក Azevedo បានលើកឡើងថា «បុគ្គលនោះបានស្នើសុំ ៥០លានដុល្លារ ប៉ុន្តែខ្ញុំយល់ព្រមចំណាយត្រឹម ៣៥លានដុល្លារប៉ុណ្ណោះ។ លោក Azevedo បានបន្ថែមថា រូបលោកទទួលបានការផ្តល់ទំនុកចិត្តថា លោក ម៉ាឌូរ៉ូ នឹងផ្តោតអាទិភាពលើគម្រោងនានារបស់ក្រុមហ៊ុន Odebrecht ប្រសិនជាលោក ម៉ាឌូរ៉ូ ឈ្នះតំណែងជាប្រធានាធិបតីវេណេស៊ុយអេឡា។
គួរបញ្ជាក់ថា ការស៊ើបអង្កេតទៅលើក្រុមហ៊ុនសំណង់ដ៏ល្បីរបស់ប្រេស៊ីល Odebrecht បានក្លាយជារឿងអាស្រូវដ៏ធំបំផុត ប្រចាំនៅក្នុងតំបន់អាមេរិកឡាទីនទាំងមូល។ ក្រុមហ៊ុននេះ បានរងការចោទប្រកានថា បានដើរសូកប៉ាន់អ្នកនយោបាយនានា នៅទូទាំងតំបន់ ដើម្បីធានាឲ្យបាននូវគម្រោងកិច្ចសន្យារកប្រាក់កម្រៃធំៗ។ លោក ម៉ាស៊ីអូ អូដេប្រេចត៍ (Marceo Odebrecht) អតីតប្រធានក្រុមហ៊ុននេះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារយៈពេល ១៩ឆ្នាំ ពីបទពុករលួយ៕
-