(ប៉េកាំង)៖ ខណៈប្រទេសក្នុង​តំបន់កំពុងមាន​ការព្រួយបារម្ភ ចំពោះស្ថានភាព​នៅតំបន់​អាស៊ីបូព៌ានោះ ទីក្រុងប៉េកាំង​បានចេញមុខសាជាថ្មី អំពាវនាវឲ្យ​សហរដ្ឋអាមេរិក ដកប្រព័ន្ធ​ការពារគ្រាប់មីស៊ីល​កម្រិតខ្ពស់ THAAD ដែលកំពុងធ្វើប្រតិបត្តិការនៅកូរ៉េខាងត្បូងនោះ ត្រឡប់ទៅវិញ ដើម្បីរក្សាសន្តិសុខ​នៅក្នុងតំបន់ឡើងវិញ។ នេះបើតាមការចេញ​ផ្សាយដោយ បណ្តាញ​​សារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។

តបទៅនឹងការព្រួយបារម្ភទាំងសំណាក់ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូនេះ សេចក្តីអំពាវនាវ​មិន​ត្រឹមតែ​ធ្វើឡើង​ចំពោះសហរដ្ឋអាមេរិក​នោះទេ តែក៏ចំពោះកូរ៉េខាងត្បូង​ផងដែរ ឲ្យបញ្ឈប់​ការដាក់ពង្រាយ​ប្រព័ន្ធមីស៊ីល THAAD តម្លៃរាប់ពាន់​លានដុល្លារនោះ។ នេះបើតាមការ​ដកស្រង់​សេចក្តីថ្លែងការណ៍ ពីគណកម្មការ​មជ្ឈិមយោធា នៃក្រសួង​ការពារជាតិចិន។

លោក​ឧត្តមសេនីយ៍ ចូវ សាងពីង (Zhou Shangping) ប្រធានគណកម្មការ​​យោធាចិន​ខាងលើនេះ​បានបញ្ជាក់ថា «ការអភិវឌ្ឍ​នៃប្រព័ន្ធ THAAD នៅក្នុងប្រទេស​កូរ៉េខាងត្បូង គឺជាការគំរាម​កំហែង​យ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍​របស់ប្រទេស​ចិន រុស្ស៊ី និងបណ្តា​ប្រទេសមួយ​ចំនួនទៀត»។ សេចក្តីថ្លែងការណ៍​ត្រូវបានចេញផ្សាយ ក្រោយពី​មានការ​ជួបប្រជុំ​គ្នារវាងមន្ត្រី​ជាន់ខ្ពស់​យោធាចិន និងរុស្ស៊ី ស្តីពីប្រព័ន្ធ THAAD របស់កូរ៉េខាងត្បូង​តែម្តង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានលក់ និងជួយដាក់ពង្រាយប្រព័ន្ធ THAAD នៅកូរ៉េខាងត្បូង​ដោយអះអាងថា វាជាប្រព័ន្ធមីស៊ីលការពារដែនអាកាសកូរ៉េខាងត្បូង ពីការវាយប្រហារ​ជាយកថាហេតុណាមួយ ពីសំណាក់គ្រាប់មីស៊ីលកូរ៉េខាងត្បូង។ ប៉ុន្តែចិន និងរុស្ស៊ី​បានអះអាង​ផ្ទុយគ្នាពីនេះ ដោយចោទថា THAAD មានសមត្ថភាពលើសពីការការពារគ្រាប់មីស៊ីល នោះគឺប្រព័ន្ធរ៉ាដារបស់វា អាចជះឥទ្ធិពល (ស៊ើបការណ៍) មកលើ​ទឹកដីចិន និងរុស្ស៊ីផងដែរ៕