(អាមេរិក)៖ តើអ្នកចង់ផ្ញើឈ្មោះរបស់អ្នកទៅកាន់ភពអង្គារ (Mars) ឬទេ? ពីព្រោះថា ទីភ្នាក់ងារអវកាស NASA កំពុងផ្តល់ឱកាសថ្មីមួយទៀត ដើម្បីអ្នកអាចធ្វើយ៉ាងដូច្នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយអវកាស-វិទ្យាសាស្រ្ត http://Space.com នៅរសៀលថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។
នៅពេលដែលយាន InSight របស់ NASA ត្រូវបញ្ជូនទៅកាន់ភពក្រហមនេះ នៅឆ្នាំក្រោយ វានឹងផ្ទុកបញ្ជីឈ្មោះរបស់សាធារណៈជន ហើយអ្នកអាចផ្ញើឈ្មោះរបស់អ្នក ដើម្បីបញ្ចូលក្នុងបញ្ជីនេះបាន។ កាលពីឆ្នាំ២០១៥ ទីភ្នាក់អវកាសអាមេរិក បានអញ្ជើញមហាជន មកគ្រប់ទិសទីទូទាំងពិភពលោក ដើម្បីចារឈ្មោះរបស់ពួកគេ ទៅលើបន្ទះឈីបស៊ីលីកូន ដែលនឹងភ្ជាប់ទៅកាន់យានចុះ InSight។ ស្របពេលដែលមនុស្សជិត ៨២៧,០០០នាក់ បានចុះឈ្មោះរួចរាល់ហើយនោះ ឥឡូវនេះ NASA កំពុងតែបន្ថែមបន្ទះឈីបទី០២ ដើម្បីផ្តល់ឱកាសជាថ្មីម្តងទៀត ដល់សាធារណៈជន ដើម្បីបញ្ជូនឈ្មោះរបស់ពួកគេទៅកាន់ភពអង្គារ។
យាន InSight Mars របស់អង្គការ NASA ត្រូវគេរំពឹងថា នឹងបាញ់បង្ហោះឡើងទៅកាន់ទីអវកាសនាខែឧសភា ឆ្នាំ២០១៨ ហើយទៅដល់គោលដៅក្នុងខែវិច្ឆិកាឆ្នាំដដែល។ នៅទីនោះ InSight នឹងសិក្សាស្រាវជ្រាវទៅលើផ្នែកខាងក្នុង ដែលជ្រៅៗរបស់ Mars ដើម្បីបង្កើនការយល់ដឹង អំពីដំណើរការដែលបានជួយបង្កើតភព ដូចជា Mars និងផែនដីជាដើម។
គួរបញ្ជាក់ថា ដើម្បីឲ្យឈ្មោះអ្នកត្រូវបានចារនៅលើបន្ទះឈីបទី០២នេះ របស់ យាន InSight អ្នកទាំងអស់គ្នា អាចចុះឈ្មោះរៀងៗខ្លួន តាមរយៈលីងនេះ ហើយធ្វើការតាមការណែនាំនៅក្នុងនោះ៖ https://mars.jpl.nasa.gov/participate/send-your-name/insight/ ។ សម្រាប់ការទទួលឈ្មោះនឹងបន្តរហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ (ពេលវេលានៅអាមេរិក)៕