(ម៉ាឌ្រីដ)៖ ស្របពេលដែលកំពុងប្រឈមមុខ នឹងវិបត្តិនៅតំបន់កាតាឡាន (Catalonia) រដ្ឋាភិបាលអេស៉្បាញ បាននិងកំពុងធ្វើព្យុហយាត្រាយោធាដ៏ធំមួយ នៅចំកណ្តាលបេះដូងនៃរដ្ឋធានីម៉ាឌ្រីដ ដើម្បីប្រារព្ធទិវាថ្ងៃបុណ្យជាតិរបស់ប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។
នៅក្នុងព្រឹត្តិការណ៍ព្យុហយាត្រាខាងលើនេះ កងកម្លាំងយោធាអេស៉្បាញ បានធ្វើការដើរក្បួនយ៉ាងអង់អាច ដើម្បីបង្ហាញពីឯកភាពជាតិនៅលើមហាវិថី Paseo de la Castellana នៃទីក្រុងម៉ាឌ្រីដ ដើម្បីរំលឹកដល់ថ្ងៃដែលលោក គ្រីស្តុប កូឡុំ (Christopher Columbus) បានធ្វើដំណើរទៅដល់ទ្វីបអាមេរិកជាលើកទី០១ កាលពីឆ្នាំ១៤៩២។ ទន្ទឹមនេះនាយករដ្ឋមន្រ្តី លោក ម៉ារាយ៉ាណូ រ៉ាចយ (Mariano Rajoy) ព្រមទាំងស្តេចហ្វីលីពទី០៦ (King Felipe the Sixth) ក៏នឹងយាងអញ្ជើញមកចូលរួម ការប្រារព្ធទិវាជាតិដ៏ធំនេះផងដែរ។
ដោយឡែកនៅក្នុងទីក្រុងបាសេឡូណា (Barcelona) ដែលជារដ្ឋធានីរបស់តំបន់ស្វយ័តកាតាឡានវិញ ក្រុមអ្នកតវ៉ាដែលគាំទ្រឲ្យមានឯកភាពជាតិជាច្រើននាក់ កំពុងតែប្រមូលផ្តុំគ្នាសម្តែងការប្រឆាំង ចំពោះចេតនាចង់ប្រកាសឯករាជ្យភាព របស់មេដឹកនាំកាតាឡាន។
គួរបញ្ជាក់ថា នាសប្តាហ៍នេះរដ្ឋាភិបាលអេស៉្បាញ បានទុកពេលឲ្យមេដឹកនាំកាតាឡាន លោក ខាឡេស ភីកដឺម៉ុន (Carles Puigdemount) រហូតដល់សប្តាហ៍ក្រោយ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា តើរូបលោកនឹងនៅតែចចេសរឹងរូស ចង់បន្តអនុវត្តន៍គម្រោងនៃការប្រកាសឯករាជ្យភាពទៀតដែរ ឬយ៉ាងណា៕