(ម៉ូស្គូ)៖ ការស៊ើបអង្កេតមួយរបស់ស្ថានីយ៍ទូរទស្សន៍ CNN បានរកឃើញថា ទីក្រុងម៉ូស្គូមានជាប់ពាក់ព័ន្ធនឹង ការប្រើប្រាស់ហ្គេមអនឡាញដ៏មានប្រជាប្រិយភាព Pokemon Go ដើម្បីបង្ហាញពីការមិនចុះសម្រុងគ្នា ក៏ដូចជាបញ្ឆេះភាពតានតឹង នៃការរើសអើងជាតិសាសន៍ នៅក្នុងចំណោមប្រជាជនអាមេរិក នៅអំឡុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។
យោងតាមការស៊ើបអង្កេតខាងលើ គេហទំព័រ Tumblr ដែលត្រូវបានសង្ស័យថា មានទំនាក់ទំនងជាមួយក្រុម Hacker រុស្ស៊ី បានលើកទឹកចិត្ត និងជំរុញប្រជាជនអាមេរិកនៅក្នុងចលនា Black Lives Matter នៃប្រជាជនអាមេរិកស្បែកខ្មៅ លេងហ្គេម Pokemon Go នៅតាមតំបន់មានការប៉ះទង្គិចគ្នាដោយហិង្សា រវាងប៉ូលិស និងពលរដ្ឋអាមេរិកស្បែកខ្មៅ ដោយសារតែរឿងរើសអើងជាតិសាសន៍។
មិនតែប៉ុណ្ណោះការស៊ើបអង្កេតនេះដដែល បានអះអាងថា ហ្គេមអនឡាញមួយនេះ ក៏ត្រូវបានប្រើប្រាស់ ដើម្បីបញ្ឆេះការរើសអើងជាតិសាសន៍ផងដែរ។ ក៏ប៉ុន្តែអ្វីគួរឱ្យកត់ សម្គាល់គឺថា អ្នកលេងហ្គេមនេះត្រូវបានគេបា្រប់ឱ្យប្ដូរឈ្មោះទៅជាឈ្មោះជនរងគ្រោះ ដែលត្រូវបានប៉ូលិសអាមេរិកស្បែកសបាញ់សម្លាប់។
គួររំលឹកថា ក្រោមការចោទប្រកាន់ថា រុស្ស៊ីបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ អតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានបណ្ដេញមន្ត្រីទូតរុស្ស៊ីជាច្រើននាក់ចេញពីប្រទេស ខណៈមកទល់ពេលបច្ចុប្បន្នសង្រ្គាមការទូតនេះ នៅតែបន្តកំពុងញាំញីទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនដដែល៕