(វ៉ាស៊ីនតោន)៖ នាយកក្រុមហ៊ុន Amazon Studio ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Amazon លោក រ៉យ ប្រាយស៍ (Roy Price) ត្រូវបានគេដាក់ឱ្យសម្រាកពីការងារជាបន្ទាន់មួយរយៈ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា លោកបានគំរាមកំហែងផលិតករម្នាក់ និងមិនរវីរវល់ចំពោះការស្នើពីតារាសម្ដែងស្រីម្នាក់ ដែលបានអះអាងថា នាងត្រូវបានផលិតករ លោក ហាវេយ វីអ៊ីនស្ទែន (Harvey Weinstein) រំលោភបំពានផ្លូវភេទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ បើតាមសារព័ត៌មាន Hollywood Reporter ផលិតករខ្សែភាពយន្ដម្នាក់របស់ក្រុមហ៊ុន Amazon.com Inc’s លោកស្រី អ៊ីសា ហេកខេត (Isa Hackett) បានចោទប្រកាន់ថា លោក Roy Price ធ្លាប់គំរាមកំហែងរូបនាងកាលពីឆ្នាំ២០១៥ តែលោកស្រីបានបដិសេធធ្វើអត្ថាធិប្បាយណាមួយឡើយ។ ក៏ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ តារាសម្ដែងស្រី រ៉ូស ម៉ាកហ្គោវ៉ាន (Rose McGowan) បានសរសេរនៅលើ Twitter ថារូបនាងបានប្រាប់ Price ថា ខ្លួនត្រូវបានលោក Harvey Weinstein រំលោភបំពានផ្លូវភេទ ខណៈកាសែត New York Times ក៏បានចុះផ្សាយថា ផលិតករូបនេះបាន ប្រព្រឹត្តអំពើបែបនេះលើតារាស្រីជាច្រើននាក់ទៀតផងដែរ។
តែទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យ លោក Harvey Weinstein បានបញ្ជាក់ថា រាល់ការចោទប្រកាន់ពីបទរំលោភផ្លូវភេទមិនសមហេតុសមផលទាំងអស់ ត្រូវបានបដិសេធដោយ លោក Weinstein៕