(យូអិន)៖ ចំនួនជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ា ដែលរត់ចេញពីរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងនៃប្រទេសមីយ៉ាន់ ទៅកាន់ប្រទេសបង់ក្លាដែសនោះ បានកើនដល់ ៥៣៦,០០០នាក់ហើយ។ នេះបើតាមរបាយការណ៍ចុងក្រោយពីអង្គការសហប្រជាជាតិ (UN) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។
បើតាមអ្នកនាំពាក្យ UN លោក ហ្វាហាន ហេព Farhan Hap បណ្តាទីភ្នាក់ងារ មនុស្សធម៌ UN បាន រាយការណ៍ថា មកទល់ពេលនេះចំនួនជនភៀសខ្លួន ដែលបានចាកចេញពីមីយ៉ាន់ម៉ា ចូលទៅក្នុងទឹកដីបង់ក្លាដែស គិតចាប់តាំងតែពីចុងខែសីហាមកនោះ បានកើនឡើងដល់ ៥៣៦,០០០នាក់ ដោយក្នុងអំឡុង ០២ថ្ងៃ ចុងក្រោយនេះជនជាតិរ៉ូហ៊ីងយ៉ាងប្រមាណ ១៤,០០០នាក់ បានធ្វើការឆ្លងព្រំដែនថែមទៀត។
ជាមួយគ្នានេះ លោក Hap ក៏បានបញ្ជាក់ដែរថា អនុរដ្ឋលេខាធិការ UN ទទួលបន្ទុកកិច្ចការនយោបាយ លោក ចេហ្វហ្វ្រេយ ហ្វែកមែន (Jeffrey Feltman) ក៏នឹងធ្វើដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទីសុក្រសប្តាហ៍នេះ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ផងដែរ ដើម្បីពិភាក្សាជាមួយក្រុមមន្រ្តីមីយ៉ាន់ម៉ា។ បើតាមអ្នកនាំពាក្យ UN ការបំពេញទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការអំពាវនាវយ៉ាងទទូច ដោយអគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូទែរ៉ែស (Antonio Guterres) ឲ្យមានការបញ្ចប់ប្រតិបត្តិការយោធា ក៏ដូចជាអំពើហិង្សានៅរដ្ឋ Rakhine ភាគខាងជើង៕