(សេអ៊ូល)៖ រលកសញ្ញានៃគ្រោះរញ្ជួយដី ត្រូវបានគេដឹងថា បានកើតមានឡើងនៅក្បែរទីតាំងសាកល្បងគ្រាប់បែកនុយក្លេអ៊ែរកូរ៉េខាងជើង នៅវេលាម៉ោង ១៖៤១នាទីរំលងអធ្រាត (ម៉ោងនៅសិង្ហបុរី) ឈានចូលថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧នេះ ដោយមានកម្រិតមធ្យម ២.៩រ៉ិចទ័រ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia ដកស្រង់ពីបណ្តាញ AFP នាព្រឹកថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។
តាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS ឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតមធ្យមខាងលើនេះ មានជម្រៅពីក្នុងដី ០៥គីឡូម៉ែត្រ ដែលស្ថិតនៅភាគខាងជើង នៃទីតាំងធ្វើតេស្តនុយក្លេអ៊ែរកូរ៉េខាងជើង ភុងគ្យេរី (Punggye-Ri) មិនឆ្ងាយប៉ុន្មាននោះឡើយ។ ទោះបីជាបែបនេះក្តីទីភ្នាក់ងារ USGS របស់អាមេរិកបានអះអាងថា «យើងនៅមិនទាន់អាចបញ្ជាក់បានទេថា វាជាការបង្កឡើងដោយគ្រោះធម្មជាតិ ឬក៏មនុស្សជាអ្នកបង្កើតហេតុការណ៍នោះ»។
ទោះបីជាវាហាក់បានបង្កការភ្ញាក់ផ្អើល ឬការភ័យខ្លាចថា កូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរថ្មីទៀតក៏ដោយ ប៉ុន្តែទីភ្នាក់ងារតាមដានភូមិសាស្ត្រកូរ៉េ (KMA) នៅក្នុងប្រទេសកូរ៉េខាងត្បូងបានអះអាងថា «តាមការព្យាករណ៍ វាគ្រាន់តែជាគ្រោះធម្មជាតិរញ្ជួយដីធម្មតាប៉ុណ្ណោះ ហើយវាក៏គ្មានការបំផ្លិចបំផ្លាញអ្វីនោះដែរ»។ បន្ថែមពីនេះកាលពីបីសប្តាហ៍មុន គ្រោះរញ្ជួយដីកម្រិត ៣.៥រ៉ិចទ័រ ក៏បានកើតមានឡើង នៅតំបន់ដដែលនោះដូចគ្នា៕