(វ៉ាស៊ីនតោន)៖ ចំនួនមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ាបានកើនដល់ ៣១នាក់ ហើយដែលនេះគឺជាភ្លើងឆេះព្រៃសម្លាប់មនុស្សច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃរដ្ឋភាគខាងលិចសហរដ្ឋអាមេរិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។
បើតាមអាជ្ញាធរអាមេរិក មនុស្សពីរនាក់បន្ថែមទៀតត្រូវគេរាយការណ៍ថា បានស្លាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយនេះបានធ្វើឱ្យចំនួនអ្នកសា្លប់ កើនឡើងពី ២៩នាក់ ដល់ ៣១នាក់ ខណៈតំបន់រងគ្រោះខ្លាំងជាងគេ គឺនៅតំបន់ ណាប៉ា (Napa) និង សូណូម៉ា (Sonoma) នៃភាគកណ្ដាលរដ្ឋកាលីហ្វ័រញ៉ា ពោលគឺព្រៃឈើលើផ្ទៃដី ៥២,០០០ហិកតា ត្រូវបានបំផ្លាញ រីឯតំបន់ផលិតស្រាដ៏ធំ នៅក្នុងតំបន់ក៏កំពុងរងផលប៉ះពាល់ផងដែរ។
គួរបញ្ជាក់ថា មនុស្សជាង ៥,០០០នាក់ កំពុងបន្តស្ថិតក្នុងទីជម្រកសុវត្ថិភាពដដែល រីឯក្រុមអ្នកពន្លត់អគ្គីភ័យច្រើនជាង ៨,០០០នាក់ កំពុងតស៊ូប្រយុទ្ធនឹងអណា្ដតភ្លើង៕