(បាងកក)៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ គឺខួបគម្រប់មួយឆ្នាំ នៃការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេ ក្នុងព្រះជន្មាយុ ៨៩ព្រះវស្សា ក្នុងមន្ទីរពេទ្យនៃរាជធានីបាងកក ហើយវាជិតនឹងដល់ពេល ដែលព្រះសពរបស់ព្រះអង្គ ត្រូវយកទៅប្រារព្ធពិធីថ្វាយព្រះភ្លើងផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយ ពីសារព័ត៌មានបាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។
សម្រាប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍នេះ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន នឹងចូលរួមក្នុងព្រះរាជពិធីបុណ្យខួបគម្រប់មួយឆ្នាំគត់ នៃការសោយទិវង្គតរបស់ព្រះបិតា នៅឯមហាវិមាន Grand Palace ក្នុងព្រះបរមរាជវាំងទីក្រុងបាងកក។ នេះបើតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យចាត់ចែងកិច្ចក្នុងព្រះបរមរាជវាំងថៃ។
សម្រាប់ទីកន្លែងថ្វាយព្រះភ្លើង (ព្រះមេន ឬព្រះមេរុ) ដល់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ គឺនឹងត្រូវបញ្ចប់ការសាងសង់ គឺនៅថ្ងៃទី១៨ ខែតុលា ជាកំហិត។
ព្រះបរមរាជវាំងថៃ (Grand Palace) នៅក្នុងទីក្រុងបាងកក ត្រូវបានបិទទ្វារជាបណ្តោះអាសន្នចាប់ពីដើមខែតុលានេះមកម្ល៉េះ ដើម្បីត្រៀមប្រារព្ធពិធីថ្វាយព្រះភ្លើងដល់ព្រះសព អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត មួយឆ្នាំក្រោយព្រះអង្គសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។
យោងតាមសេចក្តីថ្លែងការណ៍របស់ ការិយាល័យទទួលបន្ទុកកិច្ចការរាជវង្ស ដែលបានចេញកាលពីពេលកន្លងទៅនេះ ព្រះរាជវាំងធំ ឬ Grand Palace ព្រមជាមួយនិងប្រាសាទធំមួយផ្សេងទៀត ត្រូវបានបិទទ្វារលែងទទួលស្វាគមន៍អ្នកទស្សនាទាំងជាតិ និងអន្តរជាតិតែម្តង តាំងពីថ្ងៃទី៣០ ខែកញ្ញា និងត្រូវរហូតដល់ថ្ងៃទី៣០ ខែតុលាខាងមុខនេះ។
គួរបញ្ជាក់ថា ព្រះរាជពិធីថ្វាយព្រះភ្លើង ដល់ព្រះសពអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២៥ ដល់ ទី២៩ ខែតុលាខាងមុខនេះហើយ៕