ដូណាល់ ត្រាំ បញ្ជាក់ច្បាស់ៗ៖ «ទំនាក់ទំនងខ្ញុំនឹងរដ្ឋមន្ត្រីការបរទេស ធីល្លឺសុន គឺល្អប្រសើរ មិនដូចពួកសារព័ត៌មានចុះផ្សាយឡើយ» (Video inside)
12-10-2017 17:29
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោក ហើយនិងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន (Rex Tillerson) មានទំនាក់ទំនងយ៉ាងល្អប្រសើរនឹងគ្នា មិនដូចអ្វីដែលសារព័ត៌មានមួយចំនួន បានចុះផ្សាយកាលពីពេលកន្លងទៅនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។
ការលើកឡើងខាងលើរបស់ លោក ត្រាំ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នៅឯរដ្ឋធានីវ៉ាស៊ីនតោន។ ថ្លែងទាក់ទិននឹងទំនាក់ទំនងរវាងលោក និងលោក Tillerson លោក ដូណាល់ ត្រាំ បាននិយាយថា «ពួកយើងទាំងពីរមានទំនាក់ទំនងល្អណាស់ ហើយពួកបណ្តាញសារព័ត៌មានមិនយល់អំពីរឿងនេះឡើយ ក៏ប៉ុន្តែវាមិនជាបញ្ហានោះទេ»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនសារព័ត៌មានអាមេរិក NBC បានធ្វើសេចក្តីរាយការណ៍ថា ប្រមុខការទូតអាមេរិក លោក Rex Tillerson ធ្លាប់បានហៅលោក ត្រាំ ពីក្រោយខ្នងថាជា «មនុស្សល្ងង់ខ្លៅ និងឡប់សតិ» ហើយធ្លាប់បានគិតប្រុងដើរចាកចេញពីមុខតំណែងជាច្រើនសាថែមទៀតផង ដោយសារតែទំនាក់ទំនងរវាងលោកទាំងពីរ មានភាពរកាំរកូសខ្លាំង៕