(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ (Ri Yong Ho) បានប្រាប់អ្នកយកព័ត៌មានរុស្ស៊ីថា លោក ដូណាល់ ត្រាំ ចង់អុជអាលបញ្ឆេះសង្រ្គាម នៅពេលលោកហៅលោក គីម ជុងអ៊ុន ថាជាបុរសគ្រាប់រ៉ុក្កែត (Rocket Man) នៅអំឡុងថ្លែងសុន្ទរកថានៅឯអង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ។ លោក Ri ក៏បានព្រមានដែរថា ប្រជាជនកូរ៉េខាងជើង មិនចង់ប្រើមាត់ដោះស្រាយបញ្ហា ជាមួយសហរដ្ឋអាមេរិកនោះទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។
លោក Ri Yong Ho តាមរយៈការដកស្រង់សម្ដីដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS នៅក្នុងសប្ដាហ៍នេះបាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងមិនចរចារឿងនុយក្លេអ៊ែរ ហើយក៏នឹងមិនចូលអង្គុយតុចរចា ជាមួយសហរដ្ឋអាមេរិកជាដាច់ខាត ដរាបណាទីក្រុងវ៉ាស៊ីនតោន នៅតែបន្តរក្សាការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរបបលោក គីម ជុងអ៊ុន។
លោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងដើរជិតដល់វត្ថុបំណងរបស់យើងហើយ នោះគឺការបង្កើតតុល្យភាពកម្លាំងដ៏ពិតប្រាកដ ជាមួយសហរដ្ឋអាមេរិក... ខណៈប្រជាជនកូរ៉េខាងជើងទាំងអស់សុទ្ធតែ ចង់ដោះស្រាយជាមួយសហរដ្ឋអាមេរិក ដោយកម្លាំងជាជាងការនិយាយស្ដី»។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានកូរ៉េខាងត្បូង កូរ៉េខាងជើងកំពុងត្រៀមបាញ់សាកល្បងគ្រាប់រ៉ុក្កែតរយៈចំងាយខ្លីជាច្រើនគ្រាប់ នៅចំពេលនៃការបើក សមាជបក្សកុម្មុយនីស្ដចិននៅថ្ងៃទី១៨ ខែតុលា ខាងមុខនេះ៕