(ហាណូយ)៖ គ្រោះទឹកជំនន់ដែលបង្កឡើងដោយការធ្លាក់ភ្លៀងយ៉ាងជោគជាំ នៅភាគខាងជើង និងភាគកណ្តាល ប្រទេសវៀតណាមក្នុងអំឡុងពេលមកទល់រសៀលថ្ងៃព្រហស្បតិ៍នេះ បានបន្សល់ទុកមនុស្សយ៉ាងតិច ៥២នាក់ស្លាប់, បាត់ខ្លួន ២១នាក់, និងបង្កការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំផ្សេងទៀត នៅតាមបណ្តាខេត្តជាច្រើន នៃតំបន់រងគ្រោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន VNExpress នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។
បើតាមសេចក្តីរាយការណ៍ខាងលើ ខេត្ត ហ័រ ប៊ិញ (Hoa Binh) របស់វៀតណាម បានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ ជាមួយនិងចំនួនអ្នកស្លាប់កើនដល់ ២៣នាក់ ស្របពេលដែលខេត្ត ថាញ់ ហ័រ (Thanh Hoa) ដែលមានកម្រិតកម្ពស់ទឹកភ្លៀងដល់ទៅ ៤២សង់ទីម៉ែត្រនោះ មានមនុស្សស្លាប់ ១២នាក់ និងនៅខេត្ត ញ៉េ អាន (Nghe An) មានចំនួនអ្នកបាត់បង់ជីវិតយ៉ាងតិច ០៨នាក់។ បន្ថែមពីនេះទៀត ករណីមនុស្សស្លាប់ ០៥នាក់ ត្រូវគេរាយការណ៍ថា បានកើតមាននៅក្នុងខេត្ត សុន ឡា (Son La) និង ០៤នាក់នៅខេត្ត យ៉េន បៃ (Yen Bai) ខណៈ២១នាក់កំពុងបាត់ខ្លួននៅទូទាំងបណ្តាខេត្តភាគខាងជើង និងកណ្តាលប្រទេស។
គួរបញ្ជាក់ថា ក្រៅពីមនុស្សរងគ្រោះ ប្រជាជនវៀតណាមជាង១៧,០០០គ្រួសារ ត្រូវបានជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព ហើយផ្ទះសម្បែងច្រើនជាង២០០ខ្នងបានដួលរំលំ ខណៈលំនៅឋានជិត ១៨,០០០ខ្នងទៀត បានជន់លិចឬខូចខាត។ បន្ថែមពីនេះ ផ្ទៃដីដាំដុះលើសពី ៨,០០០ហិកតា ត្រូវបំផ្លិចបំផ្លាញខ្ទេចខ្ទីរគ្មានសល់ ហើយសត្វចិញ្ចិមប្រមាណ ៤០,០០០ក្បាល បានងាប់ឬក៏ត្រូវទឹកជំនន់ហូរកួចយកទៅជាមួយ។
ជុំវិញគ្រោះធម្មជាតិនេះ វៀតណាម កាលពីខែសីហាកន្លងទៅ បានទទួលរងគ្រោះទឹកជំនន់ដ៏អាក្រក់ម្តងរួចទៅហើយ នៅភាគខាងជើងប្រទេស ដែលបានសម្លាប់មនុស្សយ៉ាងតិច ២៦នាក់ និងហូរនាំយកលំនៅឋានជាច្រើនរយខ្នងទៅជាមួយ មុនពេលដែលព្យុះទីហ្វុង ដុកសួរី (Doksuri) ដ៏មានឥទ្ធិពល បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ០៨នាក់ នៅតំបន់ភាគកណ្តាលប្រទេស កាលពីខែមុន៕