(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក យូគីអូ ហាតូយ៉ាម៉ា (Yukio Hatoyama) បាននិយាយថា ជប៉ុនគួរតែខិតខំលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីជាមួយនឹងចិន ហើយលោកក៏បានទទួលស្គាល់ដែរថា ការអភិវឌ្ឍប្រកបដោយស្ថេរភាពរបស់ទីក្រុងប៉េកាំងគឺនឹងផ្ដល់ប្រយោជន៍ដល់ជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។
លោក Yukio Hatoyama មានអាយុ ៧១ឆ្នាំ បានថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ ស៊ីនហួរ។ អតីតនាយករដ្ឋមន្រ្តីជប៉ុនរូបនេះ បានកត់សម្គាល់យ៉ាងដូច្នេះថា «ទំនាក់ទំនងនយោបាយរវាង ជប៉ុន និងចិន ក្នុងពេលបច្ចុប្បន្នមានភាពមិនប្រក្រតី ពីព្រោះជប៉ុននៅតែបារម្ភពីការគំរាមកំហែងរបស់ចិន... តែខ្ញុំសង្ឃឹមថា ជប៉ុនអាចនឹងដឹងថា នេះគឺជាកំហុសឆ្គងមួយ ហើយខិតខំប្រឹងលើកកម្ពស់ទំនាក់ទនងជាមួយចិន»។ លោក Hatoyama បន្ថែមថា ជប៉ុនគួរតែបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសជិតខាងជាពិសេសគឺចិន ហើយមិនតែប៉ុណ្ណោះទីក្រុងតូក្យូ ក៏គួរតែស្វែងរកតុល្យភាពនៃទំនាក់ជាមួយចិន និងសហរដ្ឋអាមេរិកផងដែរ។
គួរបញ្ជាក់ថា បើតាមលោក Yukio Hatoyama ជប៉ុនរឹតតែគួរផ្ដោតជាមុនលើគោលដៅ ក្លាយជាមហាអំណាចមធ្យម ជាជាងព្យាយាមចង់ក្លាយជាមហាអំណាចកំពូល ព្រមទាំងគិតគូរពី ការបង្កើនសមត្ថភាពការពារខ្លួនឯងជាមុនសិន។ លោក Hatoyama គឺជាអតីតនាយករដ្ឋមន្ត្រីជប៉ុនពីខែកញ្ញា ឆ្នាំ២០០៩ ដល់ខែមិថុនា ឆ្នាំ២០១០៕