(ហ្សាការតា)៖ ភ្នំភ្លើង ស៊ីណាប៊ុង (Sinabung) ដែលស្ថិតក្នុងស្រុក ការ៉ូ (Karo) នៃខេត្ត ស៊ូម៉ាត្រា (Sumatra) ខាងជើង នៃប្រទេសឥណ្ឌូណេស៊ី បានផ្ទុះជះកម្អែលផេះក្នុងកម្ពស់ ០២គីឡូម៉ែត្រទៅលើផ្ទៃអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) បានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង ០២៖៣៥នាទីទៀបភ្លឺឈានចូលថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅឥណ្ឌូណេស៊ី) ដោយកម្អែលផេះត្រូវបានជះឆ្ពោះទៅកាន់ភាគខាងកើត, ភាគអាគ្នេយ៍, និងភាគខាងត្បូង នៃមាត់ភ្នំភ្លើងតែម្តង។
បន្ថែមពីនេះអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ករណីផ្ទុះភ្នំភ្លើងនេះមិនបានបង្កឲ្យមានមនុស្សរងគ្រោះ ឬមួយក៏ការជម្លៀសខ្លួននោះដែរ ខណៈកាលពីថ្ងៃពុធម្សិលមិញ ភ្នំភ្លើង Sinabung បានផ្ទុះឡើងម្តងរួចមកហើយ ដោយបានជះកម្អែលផេះកម្ពស់ ១.៥គីឡូម៉ែត្រ ទៅលើមេឃ។ បើតាម លោក Sutopo ភ្នំភ្លើង Sinabung បានស្ថិតក្រោមការឃ្លាំមើលខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥មក ដោយបរិវេណ ០៧គីឡូម៉ែត្រ នៅភាគខាងត្បូង អាគ្នេយ៍ និងខាងកើតនៃមាត់ភ្នំភ្លើង ត្រូវបានហាមមិនឲ្យមនុស្សទៅក្បែរនោះឡើយ។
គួរបញ្ជាក់ថា ដាច់ដោយឡែកពីភ្នំភ្លើងខាងលើនេះ អាជ្ញាធរឥណ្ឌូណេស៊ី ក៏បានបង្កើនការអង្កេតរបស់ពួកគេទៅលើភ្នំភ្លើងមួយទៀត ឈ្មោះ អាហ្គុង (Agung) ដែលជាភ្នំភ្លើងស្ថិតនៅលើកោះទេសចរណ៍ បាលី (Bali) ផងដែរ ខណៈមនុស្សជិត ១៤៤,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីតំបន់ភ្នំភ្លើង ដែលកំពុងឲ្យសញ្ញាមិនសូវស្រួលមួយនេះ៕