(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាត់ចោលព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ NBC ដែលបានរាយការណ៍ថា លោកមានបំណងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរចំនួន ១០ បន្ថែមទៀត។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះបានហៅថា NBC ថា «Fake News» ឬ «ព័ត៌មានក្លែងក្លាយ» ព្រមទាំងព្រមានដកអាជ្ញាប័ណ្ណ ពីស្ថានីយ៍ទូរទស្សន៍អាមេរិកមួយនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧។
យោងតាម NBC លោក ដូណាល់ ត្រាំ បានជំរុញឱ្យមានការបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ នៅអំឡុងកិច្ចប្រជុំមួយ កាលពីខែកក្កដា ស្ដីពីស្ថានភាពកងទ័ពអាមេរិក នៅលើពិភពលោក ដោយមានការចូលរួមពីមន្រ្តីយោធាជាន់ខ្ពស់អាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេស លោក រិច ធីល្លឺសុន។ តែជុំវិញព័ត៌មាននេះដែរ ថ្លែងនៅលើ Twitter កាលពីថ្ងៃពុធ លោក ត្រាំ បានចាត់ទុកថា វាជាព័ត៌មានមិនពិត ហើយនៅពេលគេសួរថា វាមានបំណងបែបនោះ ឬទេ? លោកឆ្លើយថា គ្រាន់តែធ្លាប់ពិភាក្សាពីវាតែប៉ុណ្ណោះ។
លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «NBC News បានប្រឌិត រឿងមួយឡើង... ប្រឌិតទាំងស្រុង។ NBC=CNN!... ជាមួយនឹងព័ត៌មានក្លែងក្លាយទាំងនេះរបស់ NBC និងបណ្ដាប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត តើវាដល់ពេលវេលាសាកសម ដែលត្រូវបដិសេធនឹងអាជ្ញាប័ណ្ឌរបស់ពួកគេដែរទេ? វាជារឿងអាក្រក់សម្រាប់ប្រទេសមួយនេះ!»។
គួររំលឹកថា នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ និងបន្ទាប់ពីការបោះឆ្នោត លោក ដូណាល់ ត្រាំ ផ្ទាល់ធា្លប់បាននិយាយថា សហរដ្ឋអាមេរិក គួរតែបង្កើនការរត់ប្រណាំងអាវុធនុយក្លេអ៊ែរសាជាថ្មី។ «សហរដ្ឋអាមេរិក គួរតែពង្រឹង និងបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន»។ នេះគឺជាអ្វីដែល លោក ត្រាំ បានសរសេរនៅលើ Twitter កាលពីចុងខែធ្នូកន្លងទៅ៕